ព័ត៌មានជាតិ

មេដឹកនាំ នៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងយូរអង្វែងរវាងអាមេរិក និងអាស៊ាន

image

អត្ថបទលោក៖ ហ៊ន សុភ័ក្រ

អាមេរិក៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានយាងនិងអញ្ជើញសោយក្រយ៉ា និងទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

មេដឹកនាំ នៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិកនិងអាស៊ានដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះនៅតែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចូលរួមសហការយ៉ាងសមស្របក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាសមាជិក។

ខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២នេះ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផល ប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន សហរដ្ឋ អាមេរិក។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនិងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តភាព។ លើកកម្ពស់កិច្ចសហការតាមសមុទ្រមេដឹកនាំទាំងអស់បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។

លើការដោះស្រាយការប្រែប្រួលអាកាសធាតុមេដឹកនាំអាស៊ាន អាមេរិកបានធ្វើការគូសបញ្ជាក់ដូចគ្នាក្នុងការពង្រឹងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់ និងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើង នូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការ ដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់ ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូមថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមប្រធានាធិបតី និងប្រជាជនអាមេរិក ដែលគាំទ្រដល់បេក្ខភាពជាប្រធានអាស៊ាន របស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ៕