ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ៧ថ្ងៃមកនេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ទេ

image


វ៉ាស៊ីនតោន៖ ក្នុងប្រទេសកម្ពុជា រយៈពេល៧ថ្ងៃមកនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ទេ។ នេះជាជោគជ័យដ៏ធំសម្រាប់កម្ពុជា ដែលផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ពីរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក មុនពេលសម្តេចចូលរួមប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលសម្តេចជាប្រធានអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះជាក្នុងរយៈពេល៧ថ្ងៃមកនេះ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ក៏សម្តេចនៅតែក្រើនរំឭកពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយអនុវត្តវិធានការសុខាភិបាលដែលបានដាក់ចេញកាលពីពេលកន្លងទៅ ទោះជាកាតាពកិច្ចពាក់ម៉ាសត្រូវបានដកចេញក៏ដោយ ប៉ុន្តែទុកឱ្យពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា គួរពាក់ម៉ាស ឬមិនពាក់។ ទន្ទឹមនឹងនេះ សម្តេចនៅតែលើកទឹកចិត្តចំពោះការទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលសម្តេចបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយដិន សម្តេចបានទទួលសារពីការលើកទឹកចិត្តពីការផ្គត់ផ្គង់បន្ថែមនូវវ៉ាក់សាំងកូវីដ-១៩ដល់ប្រទេសកម្ពុជា ក៏ដូចជាក្របខណ្ឌអាស៊ានផងដែរ។ ដូច្នេះ ជាមួយវ៉ាក់សាំងដែលមានស្រាប់ និងការបន្តផ្តល់ជំនួយជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសចិន និងប្រទេសដ៏ទៃទៀត កម្ពុជាមិនខ្វះវ៉ាក់សាំងនោះទេ។ កន្លងទៅសម្តេចធ្លាប់ប្រកាសដាក់សម្រាប់សិស្ស និស្សិត ប្រមានជា៤លាននាក់ ដាក់ចូលទៅក្នុងអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងមុនគេដូសជំរុញទី៤។
ទោះយ៉ាងនេះក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវយ៉ាងទទូចដល់ពលរដ្ឋឱ្យទទួលយកវ៉ាក់សាំង ដើម្បីការពារខ្លួន និងការពារជាតិរបស់យើង ដែលធ្វើឱ្យយើងអាចជំនះបាននូវរាល់ឧបសគ្គ និងបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ប្រកបដោយនិរន្តរភាព និងជ័យភាព នៃដំណើរការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចប្រជាជន ក៏ដូចជាកាត់បន្ថយភាពក្រីក្រ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃប្រជុំចុងក្រោយនៅរដ្ឋធានីវ៉ាស៉ីនតោន។ ក្រោយប្រជុំចប់សម្តេចនឹងអញ្ជើញឡើងយន្តហោះ ត្រលប់មកមាតុប្រទេសវិញ៕