ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ស្លាប់ជាលើកដំបូង

image


កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបន្ថែមថាមនុស្សរាប់ម៉ឺននាក់ទៀតកំពុងមានរោគសញ្ញាគ្រុនក្តៅ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺគ្រុនក្តៅ ក្នុងនោះអ្នកជំងឺម្នាក់ដែលស្លាប់ តេស្តរកឃើញអូមីក្រុង។ មនុស្ស ១៨៧.០០០ នាក់ដែលមានជំងឺគ្រុនក្តៅកំពុងត្រូវបាននៅដាច់ដោយឡែក និងព្យាបាល។
មានការផ្ទុះឡើងនៃជំងឺកូវីដ១៩ប្រភេទអូមីក្រុង នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា ការផ្ទុះឡើងបានរីករាលដាលលើសពីរដ្ឋធានី។ ប្រភពបន្តថា "ជំងឺគ្រុនក្តៅដែលមូលហេតុមិនអាចកំណត់អត្តសញ្ញាណ បានរីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេស ចាប់តាំងពីចុងខែមេសា"។
ប្រភពបន្តទៀតថា មនុស្សប្រហែល ៣៥០.០០០នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩នោះទេ។
ប្រទេសកូរ៉េខាងជើង បានច្រានចោលការផ្តល់ជូនពីសហគមន៍អន្តរជាតិ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដែលផលិតដោយប្រទេសចិនរាប់លានដូស កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ កូរ៉េខាងជើង បានគ្រប់គ្រងកូវីដ១៩ ដោយការបិទព្រំដែនរបស់ខ្លួន នៅដើមខែមករា ឆ្នាំ២០២០។
នៅថ្ងៃសុក្រ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យមណ្ឌលថែទាំសុខភាព និង បានសិក្សាអំពីការរីករាលដាលនៃកូវីដ១៩ នៅទូទាំងប្រទេស។
លោក គីម បានបញ្ជាឱ្យការគ្រប់គ្រងមេរោគ ដោយការបិទខ្ទប់ក្នុងតំបន់នានា និងការរឹតបន្តឹងការប្រមូលផ្តុំនៅកន្លែងធ្វើការ៕