សង្គម

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយពីការរៀបចំនៃអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម រាជធានី-ខេត្ត ឆ្នាំ២០២១-២០២៥

image


រតនគិរី៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំផ្សព្វផ្សាយស្តីពី លទ្ធនៃផលការរៀបចំការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម រាជធានី-ខេត្ត ឆ្នាំ២០២១-២០២៥ ក្រោមវត្តមាន លោក ម៉ែន ភារម្យ អគ្គនាយករងក្រសួងទេសចរណ៍ និងលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
លោកស្រី ញាន ទិត្យចិន្តា បានចាត់ទុកផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២១-២០២៥ ជាឯកសារដ៏សំខាន់បង្ហាញបន្ថែមទៀតនូវឆន្ទៈរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្ត ប្រកបដោយនិរន្តរភាព និងដាក់ចំណាត់ថ្នាក់វិស័យមួយនេះជាវិស័យអទិភាពក្នុងការរួមចំណែកកសាងសេដ្ឋកិច្ចខេត្តរតនគិរី សម្រាប់អនុវត្ត និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យដល់គោលដៅ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងផែនការអំពី តម្រូវការចាំបាច់របស់សហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយគ្នានេះ លោក ម៉ែន ភារម្យ អគ្គនាយករងក្រសួងទេសចរណ៍ បានលើកឡើងថា ក្រោយពីទទួលរងផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ ឯកសារគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រមួយចំនួន ដែលក្នុងនោះសូចនាករ ចំណុចដៅ សូចនាករគោលដៅតាមវិស័យមានការផ្លាស់ប្តូរ។ ដូចនេះ ក្រសួងទេសចរណ៍បានធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ឆ្នាំ២០១៩-២០២៣ ទៅជាផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត។ ផែនការនេះ ជាឯកសារដ៏សំខាន់ បង្ហាញថែមទៀតនូវឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៏វិស័យទេសចរណ៍ថ្នាក់ក្រោមជាតិប្រកបដោយនិរន្តរភាព និងការយកវិស័យនេះជាវិស័យអាទិភាពមួយ ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកអគ្គនាយករងក្រសួងទេសចរណ៍ បានបន្តទៀតថា ឯកសារផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ការអនុវត្តច្បាប់ស្តីពី ទេសចរណ៍, ផ្ដល់ទម្រង់រួមមួយសម្រាប់រៀបចំផែនការថ្នាក់ជាតិ ថ្នាក់តំបន់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, សម្របសម្រួលការរៀបចំផែនការអភិវឌ្ឍន៍ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងការរៀបចំផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ, ធានាថាផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត បានគាំទ្រដល់គោលបំណងអភិវឌ្ឍន៍របស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់។ ចូលរួមទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍បានជាមូលដ្ឋានសម្រាប់ការអនុវត្ត តាមដាន និងត្រួតពិនិត្យវាយតម្លៃផែនការថ្នាក់ជាតិដោយប្រសិទ្ធភាព៕
ដោយ៖ ប៉េស សារី