សន្តិសុខសង្គម

សមត្ថកិច្ច កោរសក់អប់រំយុវជនទំនើង៦៦នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៥នាក់

image


ភ្នំពេញ៖ យុវជនទំនើងដែលសមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនកាលពីពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចកោរសក់ និងធ្វើការអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៦៦នាក់។ ចំណែក ៥នាក់ ដែលជាអ្នកកាន់ដាវ និងកាំបិត ចម្ពាមកៅស៊ូ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់ពីបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យទាំង៥នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ស្ថិតក្នុងចំណោមបក្សពួក ៧១នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេប្រមូលផ្តុំគ្នាត្រៀមប្រើហិង្សាទៅលើគូបដិបក្ខ។ ចំណែកក្មេងទំនើងចំនួន៦៦នាក់ទៀត ត្រូវបានសមត្ថកិច្ចកោរសក់ ហើយអញ្ជើញឪពុកម្តាយ បងប្អូន ឱ្យមកធានាយកទៅអប់រំជាបណ្តើរ ៗតាំងពីវេលាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខ ដែលទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

យុវជនទំនើង ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ១៩៦៦ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលពួកគេណាត់ជួបគ្នា និងប្រដាប់ដោយដាវ កាំបិតប៉័ងតោ ចម្ពាមកៅស៊ូ ប្រុងប្រើហិង្សាជាមួយគូទំនាស់។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ២៨គ្រឿង និងដាវ កាំបិតប៉័ងតោ និងចម្ពាមកៅស៊ូ ដែលលាក់ទុកក្នុងព្រៃផងដែរ ខណៈដែលកម្លាំងគរបាលខណ្ឌសែនសុខជិះល្បាតនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញយុវជនស្ទាវមួយក្រុមជួបប្រមូលផ្តុំគ្នា ហើយក៏ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនតែម្តង៕