សន្តិសុខសង្គម

ចាប់ខ្លួនក្រុមក្មេងស្ទាវ ៧៣នាក់ ម៉ូតូ២៨គ្រឿង និងដកហូតបានកាំបិតបុ័ងតោ ដាវ និងចម្ពាមកៅស៊ូជាច្រើន

image


ភ្នំពេញ៖ ក្រុមក្មេងស្ទាវចំនួន ៧៣នាក់(ស្រី២នាក់) ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះប្រតិបត្តិការបង្ក្រាប នៅវេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានដកហូតបានម៉ូតូ ២៨គ្រឿង និងកាំបិតបុ័ងតោ ដាវ និងចម្ពាមកៅស៊ូជាច្រើន នៅចំណុចមុខដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវលេខ១៩៦៦ កែងនឹងផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក គួច សុភាព និងលោក វ៉ាន់ សារ៉េត អធិការរងខណ្ឌសែនសុខ ទទួលបន្ទុកផែនព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជាអ្នកចុះបង្ក្រាបករណីនេះ និងដឹកនាំដោយដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ខណៈដែលក្មេងស្ទាវទាំងអស់នេះកំពុងប្រមូលផ្ដុំគ្នា។ ក្រោយពីឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានភ្លាម សមត្ថកិច្ចក៏បានធ្វើការរុករកនៅក្នុងព្រៃ ស្ថិតក្នុងដីឡូត៍មួយកន្លែង ក៏បានប្រទះឃើញកាំបិតបុ័ងតោ ដាវ និងចម្ពាមកៅស៊ូជាច្រើនត្រូវបានកម្លាំងសមត្ថកិច្ចដកហូតទុកជាវត្ថុតាង។

សមត្ថកិច្ច បានបញ្ជាក់ថា មុននឹងឈានដល់ការចុះបង្ក្រាបក្មេងស្ទាវខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញក្មេងស្ទាវខាងលើកំពុងតែប្រមូលផ្ដុំគ្នា ហើយដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្ន ក្មេងស្ទាវទាំង៧៣នាក់ ម៉ូតូ២៨គ្រឿង រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ និងស្រាវជ្រាវបន្តទៀតមុននឹងអនុវត្តច្បាប់៕