តំបន់ទេចរណ៍ប្រាសាទព្រះវិហារ នៅតែទាក់ទាញភ្ញៀវទេសចរទៅទស្សនាជាហូហែរ ពិសេសថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក
ព្រះះវិហារ៖ ស្ថានភាពភ្ញៀវទេសចរនៅតំបន់ប្រាសាទព្រះវិហារនាពេលបច្ចុប្បន្ន មានជាហូហែរមិនថាថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ ឬថ្ងៃធម្មតានោះទេ ប៉ុន្តែគ្រាន់ថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកភ្ញៀវទេសចរមានច្រើនជាងថ្ងៃធម្មតា ហើយភ្ញៀវភាគច្រើនជាភ្ញៀវជាតិ។ ចំណែកភ្ញៀវអន្តរជាតិវិញមានដែរតែតិចតួចប៉ុណ្ណោះ។
ចំពោះមធ្យោបាយសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារគឺ ភ្ញៀវទេសចរអាចទៅទិញសំបុត្រឡាន ឬម៉ូតូ នៅកន្លែងទទួលភ្ញៀវ និងយកសំបុត្រចូលទៅទស្សនា។ សម្រាប់ជនជាតិខ្មែរគឺ មិនគិតលុយទេ និងភ្ញៀវអន្តរជាតិក្នុងនាក់ ១០ដុល្លារ។ សម្រាប់សំបុត្រឡានដែលភ្ញៀវជួលជិះគឺ ឡានមួយគ្រឿងទាំងឡើងទាំងចុះតម្លៃ ១០ម៉ឺនរៀល(២៥ដុល្លារ) ហើយឡានគ្រឿងដាក់បានមនុស្សចំនួន ៦នាក់ ប៉ុណ្ណោះ។ ចំពោះម៉ូតូជិះ ក្នុង១នាក់ តម្លៃ ២៥០០០រៀល។ នៅរដូវភ្លៀង សម្រាប់តំបន់ប្រាសាទព្រះវិហារមានភ្លៀងធ្លាក់ញឹកញាប់ តែនៅតែមានភ្ញៀវទេសចរទៅលេងមិនដាច់។ ចំណែកកន្លែងស្នាក់នៅ និងហូបចុកវិញ នៅតំបន់ប្រាសាទមានសម្បូរបែប មានទាំងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។
ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដាឆ្នាំ ឆ្នាំ២០០៨។ ការនេះនាំឱ្យមានឈ្មោះល្បីសុះសាយពាសពេញពិភពលោក និងមានភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ ចូលទៅទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ៕
ដោយ៖ ច័ន្ទ ដារុណ










