សង្គម

អាជ្ញាធរខេត្តព្រះសីហនុនិងមន្ត្រីមន្ទីរជំនាញ​ពិនិត្យវឌ្ឍនភាពប្រព័ន្ធស្ពានអូរប្រឡាយ​បញ្ចៀសទឹកជំនន់

image


​ព្រះសីហនុ៖ ​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងមន្ត្រីមន្ទីរ អង្គភាពជំនាញអញ្ជើញចុះពិនិត្យប្រព័ន្ធលូ ស្ពានចំនួន ៦កន្លែងនៅក្នុងសង្កាត់លេខ៤ និងលេខ៣ នៅព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២២។
ការចុះពិនិត្យក្នុងនោះមានដូចជាស្ពានអូរស្តេចមឹក និងលូតាមបណ្តោយផ្លូវ ៥០៧ឆ្ពោះមកឆ្នេរអូរឈើទាល បន្តពិនិត្យស្ថានីយបូមទឹកកខ្វក់ទី៤ បញ្ចេញទៅអាងចម្រោះចុងឆ្នេរអូរឈើទាល ពិនិត្យលូផ្លូវ ៣០១ និងលូប្រអប់ផ្លូវ ៨១៤៥ ស្ថិតនៅភូមិ៥ សង្កាត់៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅម្តុំអង្គការម្លប់តាប៉ាង។
ពិនិត្យស្ពានអូរ២ ស្ពានផ្លូវលេខ៨១០ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅតំបន់អូរ១ និងអូរ២ ស្ពាន L.V. ស្ពានអង្គការម្លប់តាប៉ាងនិងបន្តចុះពិនិត្យការរៀបចំដាក់លូអមសងខាងផ្លួវ ១២៦៣ មានមុខកាត់០,៨០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកសាងសង់ត្រូវពន្លឿការសាងសង់លូឱ្យបាន លឿនមុនរដូវភ្លៀងចូលមកដល់ ព្រោះខេត្តព្រះសីហនុ មានភ្លៀងធ្លាក់មុនដើមរដូវវស្សា បើដល់រដូវវស្សានិងមានផលប៉ះពាល់ដល់ដំណើរការដ្ឋានសាងសង់ដោយសារភ្លៀង។ ទន្ទឹមនោះការសាង សង់លូនៅតាមចំណុចទីតាំងនីមួយៗត្រូវធ្វើតាមលក្ខណបច្ចេកទេសឱ្យបានត្រឹម ត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរ អង្វែង ព្រោះលូ ស្ពានទាំងអស់នេះវាជាសម្បត្តិធារណរបស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូ ប្រឡាយក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សូមចូលរួមវេចខ្ចប់ទុកដាក់កាលសំណល់សំរាមឱ្យបានត្រឹមត្រូវ កុំធ្វើការបោះចោលចូលក្នុងអូរ ប្រឡាយ ដែលជាដើមចមនាំឱ្យមានការកកស្ទះចរន្តទឹកហូរនៅរដូវវស្សាបង្កជាជំនន់ទឹកភ្លៀង ព្រោះរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរជំនាញបាននិងកំពុងធ្វើការស្តារ ពង្រីកអូរ ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ទៅតាមនិយាមការ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជនលិចលំនៅ ឋានរបស់​ប្រជាពលរដ្ឋនៅក្នុងរដូវវស្សាខាងមុខ៕

អត្ថបទ៖ ប៉ៃ សុឃីម