សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ៖ ទឹកកខ្វក់ចេញពីលំនៅឋាននិងអាជីវកម្មផ្សេងៗចូលទៅក្នុងទឹក ឬជ្រាបទៅក្នុងដី ដោយគ្មានការសម្អាតជាមុនបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ

image


បាត់ដំបង៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក វង្ស ពិសិដ្ឋ បានថ្លែងថា ទឹកកខ្វក់ដែលចេញពីលំនៅឋាន និងអាជីវកម្មផ្សេងៗជាច្រើនបាននឹងកំពុងបញ្ចេញចោលទៅក្នុងស្ទឹង បឹង ប្រឡាយ ឬជ្រាបទៅក្នុងដីដោយគ្មានការសម្អាតជាមុន បណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ បើមិនមានការចូលរួមបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋបានទូលំទូលាយនោះទេ ។
លោក វង្ស ពិសិដ្ឋ បានបញ្ជាក់បែបនេះ នៅក្នុងពិធីផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង ក្រោមការរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ។
លោក បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់នេះបាន កត្តាសំខាន់គឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវមានការយល់ដឹងអំពីការវេចខ្ចប់សំរាមនិងកាកសំណល់រាវរឹងឲ្យបានត្រឹមត្រូវដើម្បីភ្នាក់ងារប្រមូលយកទៅចោលនៅទីតាំង ដែលមានសុវត្ថិភាព ។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នាពេលនេះ ធ្វើឡើងស្របពេលដែលក្រុងបាត់ដំបងបានទទួលសមិទ្ធផលលើការសាងសង់ប្រព័ន្ធលូ ស្ថានីយបូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ថ្មី ព្រមទាំងទទួលបានការអប់រំផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការយល់ដឹងជាសាធារណៈពីតម្រូវការគុណប្រយោជន៍ ភាពចាំបាច់នៃសេវាកម្ម និងដំណើរការដ៏មានសារៈសំខាន់នេះ ដែលកន្លងមកយើងជួបបញ្ហាប្រឈមមួយចំនួនដូចជា ប្រឡាយនិងបណ្តាញលូត្រូវបានកកស្ទះដោយសារសំណល់ប្លាស្ទិក ដែលបោះចោលពាសវាលពាសកាល ការកកស្ទះបណ្តាញលូដោយសារការចាក់សំណល់ផ្ទះបាយចូល និងការភ្ជាប់បណ្ដាញលូខុសបច្ចេក ទេសនាំឱ្យទឹកកខ្វក់ហូរចូលទៅក្នុងប្រភពទឹកប្រើប្រាស់ជាដើម ។ លោក បានបញ្ជាក់ថា សំខាន់ជាងនេះគឺអ្នកអភិវឌ្ឍន៍ បុរី អភិវឌ្ឍពុះដីឡូត៍លក់ជាដើម ការរៀបចំប្រព័ន្ធលូមិនស្របតាមលក្ខណៈបច្ចេកទេស ជួនកាលភ្ជាប់មកបណ្តាញលូសាធារណៈមិនបានវាស់កម្រិតនីវ៉ូឬកម្ពស់ ធ្វើឱ្យលិចនៅក្នុងរដូវវស្សា ដែលជាបញ្ហាប្រឈមរបស់អ្នករស់នៅទីក្រុងបាត់ដំបង ។
លោក អភិបាលរងខេត្តបាត់ដំបង បានបង្ហាញថា សម្រាប់ទិវាផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នេះ មានគោលបំណងធ្វើការលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ គុណប្រយោជន៍ ភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលដៅជំរុញការចូលរួមរបស់ប្រជាជនទូទៅឱ្យបានទូលំទូលាយក្នុងការប្រើប្រាស់និងថែរក្សាបណ្តាញ លូ និងប្រព័ន្ធចម្លោះទឹកកខ្វក់ ប្រកបដោយការយកចិត្តទុកដាក់ ពីព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធ ចម្រោះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចប្រកបដោយនិរន្តរភាព និងសម្រាប់អ្នកជំនាន់ក្រោយ ដែលខេត្តបាត់ដំបង គឺជាខេត្តមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជាតំបន់សេដ្ឋកិច្ចកសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ដ៏សំខាន់ផងដែរ ៕
ដោយ៖ គួយ គឹមស៊ន