កម្ពុជាមិនទាន់មានច្បាប់ឱ្យប្រើប្រាស់ស្លាកលេខ «ជនមានពិការភាព»នៅឡើយទេ
ភ្នំពេញ៖ មានរថយន្តមួយគ្រឿងបានបំពាក់ស្លាកលេខថា «ជនមានពិការភាព» ហើយបានធ្វើចរាចរណ៍នៅលើដងផ្លូវ ប៉ុន្តែមិនដឹងថា ម្ចាស់រថយន្តនេះមានពិការភាពពិតមែន ឬយ៉ាងណានោះទេ។ ទោះជាមានពិការភាពពិតមែនក៏ដោយ បើងាកទៅមើលច្បាប់កម្ពុជាឯណោះវិញគឺ មិនទាន់មានច្បាប់ចែងឱ្យប្រើប្រាស់ស្លាកលេងដូចនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងករណីនេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ក្នុងនាមលោកជាអ្នកទទួលបន្ទុកវិស័យពិការភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពនេះនៅឡើយទេ។
ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ម្ចាស់រថយន្តទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ ម្យ៉ាងវិញទៀត ត្រូវចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព៕


