ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាហានិភ័យ បង្កនូវគ្រោះមហន្តរាយអាយុជីវិតមនុស្ស ដែលត្រូវទាមទារនូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា 

image

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានបញ្ហាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាហានិភ័យ បង្កនូវគ្រោះមហន្តរាយដល់អាយុជីវិតមនុស្ស បង្កការបាត់បង់កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលត្រូវទាមទារនូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងក្នុងពេលដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលទិវានេះមានគោលបំណងចង់បំផុសស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ។

សម្តេច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំពិនិត្យឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានយ៉ាងច្រើននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ ។ សម្តេច បានបន្តទៀតថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការកក្រើនរំលឹកនិងពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវនាំមកនូវសុវត្ថិភាព និងភាពរីករាយ ការជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសមានផ្លូវស្ពាន តភ្ជាប់ទៅគ្រប់ទិសតំបន់នៅក្នុងប្រទេសនិងតភ្ជាប់ជាមួយប្រទេសជិតខាងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាលំដាប់ ។ 

  សម្តេច ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលេចបន្ថែមទៀតថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង បើទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ក៏ដោយ ក៏ប៉ុន្តែ គ្រោះថ្នាក់នេះ មាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល ។ សម្តេច ស ខេង បានបញ្ជាក់ថាក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្តាលឲ្យចំនួនអ្នកស្លាប់និងអ្នករងរបួស មានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គមនានា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់និងអ្នករបួសចំនួន១៤នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន១០៦លើកស្មើនឹង១៤% គឺ៨៦៩លើ៧៦៣លើក  ចំនួនអ្នកស្លាប់កើន៦០នាក់ ស្មើនឹង១៤% គឺ៤៩៣នាក់ លើ៤៣៣នាក់ និងចំនួនអ្នករងរបួសកើនចំនួន១៤៩នាក់ ស្មើនឹង១៣% គឺ១ ២៦២នាក់ លើ១ ១១៣នាក់ ។

សម្តេច ស ខេង បានចាត់ទុកថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសនេះ គឺជាការផ្ញើរសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចងចាំថា មានតតែការខិតខំយកអស់ស្មារតី ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរ តាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃនោះ ទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តន៍ ៕

ដោយ៖ គួយ គឹមស៊ន