ព័ត៌មានជាតិ

មិនលេងសើចទេ! ក្រសួងសាធារណការ ផ្តល់ឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង ដល់កម្លាំងនគរបាលដើម្បីពង្រឹងការអនុវត្តច្បាប់

image

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបែងចែកឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រីនគរបាលចរាចរណ៍យកទៅបំពេញភារកិច្ចរបស់ខ្លួន។

ការផ្តល់ឧបករណ៍បច្ចេកទេសនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ជាមួយនឹងការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។

ក្នុងពិធីចែកនោះដែរ ក្រសួងសាធារណការ ក៏បានបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។ កម្មវិធីនេះ ក៏អាចទាញយកជារបាយការណ៍នៃការផាកពិន័យ  ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ តាមរយៈឧបករណ៍ដកពិន្ទុ និងពិន័យ និងការត្រៀមលក្ខណៈក្នុងការអនុវត្តជាក់ស្តែងនៅពេលប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ នឹងធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ ជាពិសេសគឺការងារនគរបាលចរាចរណ៍មានការកែទម្រង់ការងារថ្មីមួយ និងការទទួលភារកិច្ចសំខាន់មួយទៀតនៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកតាមរយៈសេចក្តីណែនាំ។

នាយឧត្តមសេនីយ៍ បានមានប្រសាសន៍សង្កត់ធ្ងន់ថា បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍បាន ត្រូវអនុវត្តវិធានការចំនួន៣៖ ទី១-រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ហើយត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព, ទី២-ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឱ្យបាន, ទី៣-គឺវិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ៕