ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរកើតឡើងច្រើនវិញ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ក្រោយកូវីដ-១៩ធូរស្រាល

image


ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរក្នុងឆ្នាំ២០២០ និង២០២១ មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរហាក់ហក់ឡើងខ្ពស់វិញ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ គ្រាដែលកូវីដ-១៩បានធូរស្រាលឡើងវិញ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឱ្យដឹងដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការពិន័យ និងការដកពិន្ទុ និងសេចក្តីណែនាំស្តីពី ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅលើផ្លូវល្បឿនលឿននៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមក កម្ពុជាបានកាត់បន្ថយអ្នកស្លាប់បានប្រមាណ ៨០០នាក់ និងកាត់បន្ថយអ្នករងរបួសប្រមាណ៣ពាន់នាក់ ខណៈឆ្នាំ២០១៩ អ្នករងរបួសមានប្រមាណជាង ៦ពាន់នាក់ និងឆ្នាំ២០២១ មានអ្នករបួសតែជាង ៣ពាន់នាក់ប៉ុណ្ណោះ។ ចាប់ពីត្រីមាសទី៤ឆ្នាំ២០២១ ចូលដល់ត្រីមាសទី១ ឆ្នាំ២០២២ អត្រាអ្នកស្លាប់ជាមធ្យមក្នុង១ថ្ងៃ មានរហូតដល់ ៦នាក់ និងអ្នករបួសមានជិត ២០នាក់។

ប៉ុន្តែបន្ទាប់ពីជំងឺកូវីដ-១៩មានសភាពធូរស្បើយឡើងវិញ ករណីគ្រោះថ្នាក់ចរាចរក៏ហាក់មានសន្ទុះកើនឡើងវិញ ដោយសារចរាចរមមាញឹក។ ក្រៅពីនេះផ្លូវថ្នល់កាន់តែមានការពង្រីក ធ្វើកាន់តែស្អាត ផ្លូវទូលាយ ទិសចរាចរផ្សេងគ្នា ចែកដាច់ពីគ្នា របៀបជាហាយវេ ប៉ុន្តែស្មារតីនៃការបើកបររបស់ប្រជាពលរដ្ឋ មិនមានការជឿនលឿន ដូចផ្លូវនោះទេ ដែលនាំឱ្យគ្រោះថ្នាក់ចរាចរនៅតែបន្តមានច្រើន។ នៅរាជធានី-ខេត្តចំនួន៥ ដែលត្រូវពិនិត្យឡើងវិញ និងកែប្រែវិធានការដើម្បីទប់ស្កាត់ ខេត្តដែលមានគ្រោះថ្នាក់ចរាចរកើនឡើងខ្ពស់ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តសៀមរាប។

បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរបាន ត្រូវអនុវត្តវិធានការចំនួន៣ ទី១ រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរ ហើយត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព ទី២ ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឱ្យបាន ដោយការព្យាយាមតាមរកចាប់ឱ្យបាន និងទី៣ វិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ។ នេះជាការលើកឡើងដោយ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា