ព័ត៌មានជាតិ

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចបាន៨៥% ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២       

image

ព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការពង្រឹងគុណភាពលើការងារសាងសង់។ 

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីជួយថែរក្សាផ្លូវថ្នល់របស់ជាតិឱ្យបានគង់វង្ស ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាលដែលរកបានដោយលំបាក។ 

នៅក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញចុះធ្វើតេស្តគុណភាពស្រទាប់ផ្លូវថាតើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់បច្ចេកទេសម៉ាស៊ីនចល័តប្រភេទFWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេសរបស់ក្រសួង។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្រសួងបានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវដែលប្រើបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដើម្បីធានាឱ្យការសាងសង់ផ្លូវនៅកម្ពុជាមានគុណភាពរឹងមាំជាប់បានយូរ អង្វែង។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។        

សូមជម្រាបជូនថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ៕