ព័ត៌មានជាតិ

ស្ពានថ្មីត្រេីយកោះ​ ក្នុងក្រុងកំពត​ គ្រោងបើកឱ្យធ្វើដំណើរមុនថ្ងៃចូលឆ្នាំថ្មី​ ខណៈការសាងសង់ជិតរួចរាល់

image

កំពត៖​ ការស្ថាបនាស្ពានថ្មីត្រើយកោះ ក្រុងកំពត សម្រេចសាងសង់បានជិត១០០%ហើយ​ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ស្ពាននេះ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ។ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានសម្តែងការត្រេកអរ និងរំពឹងថា សង្កាត់ នឹងមានការអភិវឌ្ឍលឿន ដែលនឹងធ្វេីឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ ខេត្តកំពត លោក ជីង គួង បានឱ្យឱ្យដឹងថា ស្ពានថ្មីត្រើយកោះក្រុងកំពតស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន​ ខេត្តកំពត ដែលជាប្រភេទស្ពានបេតុង។ ស្ពានថ្មីនេះមានប្រវែង ៩ម៉ែត្រ និងបណ្តោយ ៧៥ម៉ែត្រ អាចផ្ទុកទម្ងន់បាន ២៥តោន។ តួស្ពានបានសាងសង់រួចរាល់ ១០០% នៅសល់តែការងារសម្អាតប៉ុណ្ណោះ។ ចំណែកផ្លូវក្បាលស្ពានសងខាងចំនួន ៣០០ម៉ែត្រ កំពុងស្ថាបនាជាផ្លូវអ៊ុតកៅស៊ូពីរជាន់ ជាប្រភេទ DBST។ ស្ពានត្រើយកោះ​ នឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចូលខាងមុខ​។ 

ប្រជាពលរដ្ឋសង្កាត់ត្រើយកោះ បានលើកឡើងថា ស្ពានត្រើយកោះ(ស្ពានចាស់) តូចចង្អៀត ហើយមានសភាពចាស់ទ្រុឌទ្រោមជាយូរឆ្នាំមកហើយ។ កន្លងមកអាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តធំ ឬរថយន្តដឹកធ្ងន់ៗ ធ្វើដំណើរឆ្លងកាត់ស្ពាននេះទេ ហើយប្រជាពលរដ្ឋក៏មានការអាក់អន់ស្រពន់ចិត្តខ្លះដែរចំពោះបញ្ហានេះ។ ពួកគាត់បញ្ជាក់ថា ក្រោយពេលបានឃើញស្ពានថ្មីសាងសង់ជិតរួចរាល់ ពួគគាត់មានការត្រេកអរយ៉ាងខ្លាំង និងរំពឹងថា​ ការអភិវឌ្ឍសង្កាត់នេះនឹងមានការអភិវឌ្ឍឆាប់រហ័ស ហើយជីវភាពរស់នៅ​ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់នឹងកាន់តែប្រើសើរឡើង។ 

យោងតាមការបញ្ជាក់របស់ចៅសង្កាត់ត្រើយកោះ លោក ពៅ ស៊ុន ថាសង្កាត់ត្រើយកោះ មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងកម្សាន្តជាច្រើនកន្លែង ក្នុងនោះក៏មានការស្ថាបនាផ្លូវកៅស៊ូប្រវែងជាង២០គីឡូម៉ែត្រ និងគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ធំៗជាច្រើនទៀតបាននឹងកំពុងវិនិយោគបានបោះទុនអភិវឌ្ឍន៍ ប៉ុន្តែសកម្មភាពទាំងអស់នេះត្រូវបានរាំងស្ទះដោយសារតែស្ពានត្រើយកោះចាស់ទ្រុឌទ្រោម ផ្លូវដែលត្រូវស្ថាបនាមិនទាន់បានស្ថាបនា ដែលមិនអាចឱ្យរថយន្តធំៗ ឬរថយន្តដឹកធ្ងន់ៗឆ្លងកាត់បាន៕

ដោយ៖​ វង្ស​ សុធារម្យ