សង្គម

មន្រ្តីជាន់ខ្ពស់សាធារណការ ជម្រុញឲ្យអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍និងបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ

image



ពោធិ៍សាត់៖ លោកស្រី មឹន មាណវី រដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណួមពរអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរព ច្បាប់ចរាចរណ៍និង បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរហើយចេះយោគ យល់គ្នាក្នុងពេលបើកបរ។

លោកស្រី បានមានប្រសាសន៍បែបនេះក្នុងពិធីបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីរាជការតាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធអាជ្ញាធរភូមិ ឃុំ សង្កាត់ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមប្រមាណជាង១០០នាក់នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់។

លោកស្រីបានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយ អប់រំ រឹតបន្តឹងនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺបាននាំមកនូវការទប់ស្កាត់និងការកាត់បន្ថយអត្រាគ្រោះថ្នាក់បានមួយកម្រិត។
ដោយបច្ចុប្បន្ននេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមចំពោះមុខបន្តកើតមានក្នុងទិដ្ឋភាពរន្ធត់សោកសង្រេងបណ្តាលមកពីបាត់ បង់ជីវិតមនុស្សជាទីស្រឡាញ់ និងខូចខាតទ្រព្យសម្បត្តិជាដើម។
តាមរបាយការណ៍របស់មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១មានចំនួន១៥១ករណី ស្លាប់ ចំនួន៤៨នាក់និងរបួសធ្ងន់ ស្រាល២៣២នាក់ បណ្តាលឱ្យខូចខាតមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទជាច្រើនផងដែរ។គ្រោះថ្នាក់ទាំងនោះបណ្តាលមកពីមូលហេតុ ល្បឿន មិនប្រកាន់ស្តាំ ក្នុងស្ថានភាពផ្លូវកោង ស្រវឹង វ៉ាជែង មិនគោរពសិទ្ធអទិភាព ងងុយដេក មិនគោរពភ្លើងសញ្ញានិងបើកបរខ្វះការប្រុងប្រយត័្នជាដើម។

លោកស្រីមឹន មាណវី បានសង្កត់ធ្ងន់ថាបញ្ហាគួរឲ្យព្រួយបារម្មណ៍ទាំងនោះទាមទាឱ្យយើងទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ អប់រំអំពី ច្បាប់ចរាចរណ៍ឱ្យកាន់តែទូលំទូលាយទៅលើប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសចំពោះអ្នកបើកបរ យានយន្តគ្រប់ប្រភេទសំដៅរួមគ្មាលើកកម្ពស់សុវត្ថិភាពអាយុជីវិតយើងគ្រប់ៗគ្នា៕

ដោយ៖ សេង ប៊ុនធឿន