ស្ពានបេតុងអំពែភ្នំ នៃខេត្តកំពង់ស្ពឺ ជាសមិទ្ធិផលថ្មីមួយទៀត គ្រោងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលខែមេសាខាងមុខ ខណៈផ្លូវ៥ខ្សែប្រកាសបើកការដ្ឋានជួសជុល

កំពង់ស្ពឺ៖ ស្ពានអំពែភ្នំ ឬហៅថាស្ពានពាយ ដែលមានប្រវែង ៣៦ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅពាក់កណ្តាលខែមេសាខាងមុខ។ នេះយោងតាមការឱ្យដឹងពីលោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ។
លោក ស៊ូ ស៊ុន្ធរ៉ា បានបន្ថែមថា ទន្ទឹមនឹងការបើកការដ្ឋានស្ថាបនាស្ពានអំពែភ្នំលើទឹកដីប្រវត្តិសាស្ត្រនេះដែរ មន្ទីរក៏បានប្រកាសបើកការដ្ឋានជួសជុលរួមគ្នានូវផ្លូវចំនួន ៥ខ្សែបន្ថែមទៀតផងដែរ ដោយក្នុងនោះផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្បាលដីល្បាយថ្មប្រវែង ៣៣០០ម៉ែត្រ ស្ថិតក្នុងស្រុកគងពិសី។ ចំពោះផ្លូវខេត្តលេខ១៤៣ដោយក្រាលកៅស៊ូពីរជាន់DBSTប្រវែង៦០០ម៉ែត្រ តភ្ជាប់ពីស្ពានល្បឿនលឿនក្នុងស្រុកសំរោងទង និងផ្លូវជាតិលេខ៤៤ ចាក់កៅស៊ូDBST(reseal)ប្រវែង ៥គីឡូម៉ែត្រ ទំហំ ៥០០០០ម៉ែត្រការ៉េ ក្នុងក្រុងច្បារមន ឱរ៉ាល់ ថ្ពង និងឧដុង្គ។ ផ្លូវខេត្តលេខ ១៤៤០ក្រាលកៅស៊ូពីរជាន់DBSTប្រវែង២៩០០ម៉ែត្រ ក្នុងស្រុកឧដុង្គ និងផ្លូវខេត្តលេខ១៤៤០ ដោយកាត់ជួសជុលក្រាលកៅស៊ូDBST(reseal)ប្រវែង ៥.៨៧៤គីឡូម៉ែត្រ ទំហំ ៣៥២៤៤ម៉ែត្រការ៉េ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង។
ថ្លែងក្នុងពិធីបើកការដ្ឋាននោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សង្គ្រាមបានបង្កមហន្តរាយ ដ៏វិនាសកម្មហិនហោចចំពោះកម្ពុជារហូត២ជំនាន់ជាប់ៗគ្នា ហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេសត្រូវរងនូវការខូចខាតគ្មានសល់ តែដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោបាយ ឈ្នះឈ្នះ ប្រទេសទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍឡើងវិញលើវិស័យ និងគ្រប់ទីកន្លែងតាំងពីទីក្រុងដល់ជនបទ។ ជាក់ស្តែងក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តកំពង់ស្ពឺដែលជាខេត្តមានសក្តានុពលខ្លាំងក៏មានការប្រែក្លាយមុខមាត់ថ្មី ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា និងធ្វើជីវភាពនៃការរស់នៅកាន់តែប្រសើរឡើង។ ជាមួយនឹងការអភិវឌ្ឍក្រោមម្លប់នៃសន្តិភាពនេះដែរ រដ្ឋបាលខេត្តក៏ បាននិងកំពុងខិតខំបន្ថែមហេដ្ឋារចនាសម្ពន្ធ័នានា ពិសេសស្ពានថ្នល់ឱ្យទៅគៀកមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ប្រយោជន៍សម្រួលដល់ការធ្វើដំណើរ ដឹកផល អនុផលផ្សេងៗដែលផលិតបានដើម្បីលក់ទៅកាន់ទីផ្សារ។ ចំពោះស្ពានថ្មីដែលកំពុងការដ្ឋាននេះសង្ឃឹមថា នឹងអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋបានមួយកម្រិតបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានស្ពានបេតុងអំពែភ្នំនេះដែរ ប្រជាពលរដ្ឋបានសម្តែងការត្រេកអរ និងរីករាយចំពោះសមិទ្ធិផលថ្មីក្នុងមូលដ្ឋានរបស់ពួកគាត់ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោដែលជានិច្ចកាលសម្តេចតែងតែគិតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាំងទីក្រុងរហូតដល់ទីជនបទ៕
អត្ថបទ៖ ប៊ុត សារុន
