ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីជំនាញ ចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ 

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមីនានេះ បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថា ការចុះឆ្មក់ពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។ 

លោកទេសដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ ថា លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់សាធារណៈជនឱ្យចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខសម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធនាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕