ព្រឹទ្ធសភាប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី២ នាព្រឹកថ្ងៃទី២៤ តុលានេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។
សម័យប្រជុំលើកទី២នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយ-ការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងកំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេលបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មា- ធិការអចិន្រ្តៃយ៍ គណៈកម្មការនានា ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមភូមិភាគ និងក្រុមនានា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក ដើម្បីរៀបចំរបៀបវារៈ និងកំណត់កាលបរិច្ឆេទប្រជុំព្រឹទ្ធ​សភាជាវិសាមញ្ញ និងបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
ព្រឹទ្ធសភាបានប្រជុំវិសាមញ្ញចំនួន១លើក ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៣ករណី ធ្វើ​​លិខិត​អន្ត​រាគ​ម​ន៍ទៅ​ក្រសួង​ ស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយចំនួន ៥ករណី ទទួលលិ​ខិតឆ្លើយតបពីការ​ដោះស្រា​យ
ពាក្យបណ្តឹង​​ចំនួន ២ករ​ណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន ២ករណី ទទួល​ឯក​​សារជូន​ជ្រាបពីក្រសួងស្ថាប័នពាក់​​ព័ន្ធ​ចម្លងជូនព្រឹទ្ធសភាចំ​នួន ១៩ករណី ឆ្លើយតបទៅម្ចាស់បណ្តឹង​អំពីចំណាត់ការរបស់​គណៈកម្មការ​ចំនួន ២ករណី ព្រមទាំងធ្វើលិខិតរំលឹកជំរុញការដោះស្រាយពាក្យបណ្តឹងបានចំនួន ២ករណី។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបន្ថែមថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា បានអញ្ជើញចុះឈ្វេងយល់អំពីវឌ្ឍនភាព ព្រមទាំងផ្តល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពី បញ្ហាប្រ​ឈ​ម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១០លើក នៅខេត្តព្រៃវែង តាកែវ កំពត កែប ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន ឧត្តរ-មានជ័យ សៀមរាប និងរាជធានីភ្នំពេញ។ ក្រៅពីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពល​រដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅ​តាមបណ្តារាជធានី ខេត្ត និងសម្ពោធអណ្តូងទឹកស្អាតចំនួន២កន្លែង នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី ពង្រឹងភាពជាតំណាងរបស់សមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ (ភូមិភាគទី៣ ខេត្តកណ្តាល)។
នៅក្នុងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូល​រួមមហាសន្និបាត កិច្ចប្រជុំអន្តរជា​តិ ​​វេទិ​កា​ និងទស្សនកិច្ចផ្លូវការនា​នាចំនួន ១១លើក។

នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់ តាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែល រាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស ការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៦ នៃរដ្ឋសភា។

ព្រឹទ្ធសភា​ សូមសម្តែងនូវការដឹងគុណ​យ៉ាង​ជ្រា​ល​ជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់
មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ​ជាពិសេស​ការចូលរួមវិភាគទានដ៏ថ្លៃថ្លាពីប្រទេសជាមិត្ត និងដៃគូនានា ដែល​ញុំាង​​​ឱ្យ​ព្រឹទ្ធ​ស​​​​ភា​ដំណើរការទៅមុខដោយរលូន និងល្អប្រពៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation