ព័ត៌មានជាតិ

ខេត្តកែប បើកការដ្ឋានសាងសង់ផ្លូវប្របសមុទ្រប្រវែង ១២គ.ម ក្រោមឥទានសម្បទានរបស់ ADB

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ដែលជាសសៃឈាមទេសចរណ៍ដ៏សំខាន់ក្នុងការតភ្ជាប់តំបន់ប៉ូលទេសចរណ៍ធំៗទាំង២ របស់ខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់រួចហើយ ក្រោយចំណាយពេលសិក្សា អស់រយៈពេល៥ឆ្នាំ។ គម្រោងផ្លវនេះលាតសន្ធឹងតាមបណ្តោយឆ្នេរកែបមានប្រវែងសរុប ១២,៧៥គ.ម ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ពីរស្រទាប់ ចាប់ពីផែកោះទន្សាយ ស្ថិតនៅភូមិកែប សង្កាត់កែប ដល់ចំណុចប្រសព្វផ្លូវ ១.៣៣២ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។  

ថ្លែងក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា បើយើងក្រឡេកទៅមើលកាលពីជាង ១០ឆ្នាំមុន នៅទីនេះពុំមានផ្លូវសម្រាប់ធ្វើដំណើរដោយងាយស្រួលឡើយ សូម្បីតែការធ្វើដំណើរដោយប្រើកង់ ឬម៉ូតូ គឺពិតជាមានការលំបាកសម្រាប់បងប្អូនដែលរស់នៅតំបន់នេះ។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវនេះត្រូវបានដំណើរការស្ថាបនាសាងសង់ជាបន្តបន្ទាប់សម្រេចបានជាផ្លូវក្រួសក្រហម ធ្វើឲ្យដីធ្លីមានតម្លៃ សម្រួលបានដល់ការធ្វើដំណើរប្រជាពល រដ្ឋមានជីវភាពធូរធារមួយកម្រិត។ 

លោកបន្តថា សម្រាប់ពេលនេះ តាមរយៈការកែលម្អ និងការស្ថាបនា បន្ថែមលើកំណាត់ផ្លូវនេះជាផ្លូវបេតុង វាពិតជាមានសារសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយវាក៏ជាសរសៃឈាមសម្រាប់តភ្ជាប់តំបន់ទេសចរណ៍ដ៏មានសក្តានុពលនៃឆ្នេរអង្កោល ទាក់ទាញបានភ្ញៀវ ទេសចរកាន់តែកើនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើតបានឱកាសការងាររកប្រាក់ចំណូល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយផ្លូវដែលកំពុងបើកការដ្ឋាននេះជាអំណោយមួយ ក្នុងចំណោមអំណោយដ៏ថ្លៃថ្លារាប់មិនអស់ ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបាននឹងកំពុងផ្តល់ជូនដល់ខេត្តកែប។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវនេះជាផ្លូវរបៀងដ៏ធំរបស់អាស៊ាន តភ្ជាប់ប្រទេសថៃ កម្ពុជា និងវៀតណាម ហើយផ្លូវនេះក៏ជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់ក្នុងការភ្ជាប់តំបន់ប៉ូលទេសចរណ៍រវាងក្រុងកែប និងប៉ូលទេសចរណ៍តំបន់អង្កោល។ ហើយគម្រោងមួយនេះនឹងអាចទាក់ទាញនូវការវិនិយោគផ្សេងៗ ក៏ដូចជាជះឥទ្ធិពលល្អដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការពន្យាពេលស្នាក់អាស្រ័យរបស់ភ្ញៀវទេសចរជាដើម។

យោងតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា តាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែង ការស្ថាបនាគម្រោងផ្លូវមួយនេះ ត្រូវបានចែកជា ៤ផ្នែកសំខាន់ៗ ដោយផ្នែកដំបូងចាប់ផ្តើមពីផែកោះទន្សាយ បន្តបន្ទាប់រហូតដល់ ភូមិអង្កោលភ្ជាប់គ្នាជាមួយផ្លូវខេត្ត ១.៣៣២ ដោយឡែកការងារចាក់បេតុង ការធ្វើចិញ្ចើមផ្លូវ និងផ្លូវសំរាប់ជិះកង់ សរុបមានទំហំ ៤៥.០០០ម៉ែត្រការ៉េ។ គម្រោងមួយនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១០,៥លានដុល្លារ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយពេលសាងសង់រយៈពេល ២២ខែ៕