រដ្ឋបាលស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋចូលរួមសហការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ ឱ្យមានរបៀបរៀបរយ
អត្ថបទ ៖ កែម ចិន្តា
កំពង់ធំ៖រដ្ឋបាលស្រុកស្ទោងបានចុះរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ក្នុងស្រុកស្ទោង ។
លោក សាយ គឹមឡម បានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ថាក្នុងនាមរដ្ឋបាលស្រុកស្ទោងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវជាតិលេខ៦ ចាប់ពីច្រមុះជ្រូកសាលាស្រុកស្ទោងភូមិសាមក្អោក ឃុំទ្រាដល់ច្រមុះជ្រូកភូមិមឈាយ សំព្រោជចូលរួមសហការជាមួយអាជ្ញាធរ។
លោកបានបន្ត ថា ដើម្បីបញ្ចៀសនូវការកស្ទះដោយសារមិនមានសណ្ដាប់ធ្លាប់ដែលបណ្តាលមកពីការសាងសង់ តសំយាប ដើម្បីដាក់លក់ទំនិញនៅតាមផ្ទះក៏ដូចជាការដាក់ស្លាកយីហោនិងមានទឹកដក់នៅតាមដងផ្លូវធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋបាលស្រុកស្ទោង បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ក្នុងស្រុកស្ទោង លេខ ០០៣/២២ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភណភាព ឱ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យលមកទស្សនា។លោកក៏បានបញ្ជាក់ផងដែរថាសេចក្តីជូនដំណឹងនេះនិងបញ្ចប់នៅថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២២ខាងមុខ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនស្រុកស្ទោងក៏បានសាទរចំពោះអាជ្ញាធរ និងរដ្ឋបាលស្រុកស្ទោងដែលបានខិតខំឱ្យស្រុកមានសណ្ដាប់ធ្នាប់ល្អ៕






