ផែទេសចរណ៍កែប-កោះទន្សាយ កំពុងក្លាយជាកន្លែងកម្សាន្តពេលល្ងាចរបស់អ្នកទេសចរ

អត្ថបទ៖ ង៉ុង សាន់
កែប៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ កំពុងក្លាយជាកន្លែងកម្សាន្តនាពេលល្ងាច របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការមកគយគន់ទេសភាពនាពេលថ្ងៃលិច ជាមួយនិងខ្យល់អាកាសដ៏បរិសុទ្ធនៃជំនោរសមុទ្រ។
ជាមួយគ្នានេះសម្រាមបានក្លាយជាបញ្ហាប្រឈមជាបណ្តើរៗហើយ តាមរយៈអ្នកទេសចរខ្លះដែលខ្វះការយល់ដឹងលើកត្តាអនាម័យ និងបរិស្ថាន។
ភ្ញៀវទេសចរបរទេសលោក រ៉ូ ជឺ (Roger) បានឲ្យដឹងថា រាល់ល្ងាចលោកចូលចិត្តមកអង្គុយលេង នៅទីនេះ ដោយសារតែមានទេសភាពស្អាត នៅទីនេះលោកអាចមើលឃើញ ថ្ងៃលិច ភ្នំ កោះ និងស្រូបយកខ្យល់អាកាសបរិសុទ្ធជាដើម។
ជាមួយនឹងភាពស្រស់ស្អាតទាំងនេះ នៅតាមបង្កាន់ដៃនៃកំពង់ផែ និងផ្នែកខ្លះនៃបរិវេណផែ គេឃើញមានសំណល់សំរាមមួយចំនួន ដែលបន្សល់ទុកដោយបងប្អូនអ្នកទេសចរទាំងនោះ ដែលធ្វើឲ្យបរិស្ថាន អនាម័យនៅកំពង់ផែស្តង់ដារមួយនេះ កខ្វក់ដោយអន្លើរផងដែរ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា កំពង់ផែទេសចរណ៍មួយនេះ ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខាងក្រសួងប្រគល់ការមើលថែទាំលើការគ្រប់គ្រងបច្ចេកទេសឲ្យមន្ទីរ ដោយឡែកចំពោះសេវាផ្សេងក្រៅពីនេះ ទាក់ទងហ្នឹងវិស័យឯកជន ដោយសារកំពង់ផែនេះ ត្រូវបានសាលាខេត្តដាក់ដេញថ្លៃភាស៊ីប្រចាំឆ្នាំ ឲ្យទៅវិស័យឯកជន។
លោកបញ្ជាក់ថា ក្នុងនាមមន្ទីរជាអ្នកមើលថែកំពង់ផែមួយនេះ មិនបានអនុញ្ញាតឲ្យមានការដាក់ ធុងសម្រាមនៅលើកំពង់ផែទេ ពោលចាប់ពីចំណុចមាត់ទឹករហូតដល់ចុងផែ ដោយតម្រូវឲ្យដាក់នៅទីតាំងក្បែរផែនោះ តែយ៉ាងណាចំពោះបញ្ហាសំរាមលោកនឹងធ្វើការណែនាំបន្ថែមដល់អ្នកដែលទទួលបានការដេញភាស៊ីនៅទីនោះ។
គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ស្ថិតនៅក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដោយកំពង់ផែមួយនេះ ចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹងប្រមាណ ១,២លានដុល្លារអាមេរិក៕
