ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន ៧កន្លែង ក្នុងថ្ងៃតែមួយ

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន ០២កន្លែង និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងនោះ ស្ពានចំនួន៥កន្លែង គឺស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។
ស្ពានចំនួន ២កន្លែងទៀត គឺស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។ ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទលោក ហ៊ន សុភ័ក្រ

