សង្គម

អាជ្ញាធរខេត្តព្រះសីហនុ ដាក់គ្រឿងចក្រចុះកាយពង្រីកប្រព័ន្ធលូស្ពាន ចំនួន ៥ទីតាំងដែលតែងតែប្រឈមការជន់លិចដោយជំនន់ទឹកភ្លៀង

image


ព្រះសីហនុ៖ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា នៅព្រឹកថ្ងៃទីទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងលូស្ពានដែលប្រឈមជន់លិចនៅរដូវវស្សានាពេលកន្លងមកដើម្បីធ្វើការដោះស្រាយនិងដាក់គ្រឿងចក្ររៀបចំប្រព័ន្ធលូស្ពានឱ្យបានធំទូលាយក្នុងការរំដោះទឹកហូរលឿននៅពេលមានភ្លៀងខ្លាំងម្ដងៗ។

នៅក្នុងឱកាសចុះពិនិត្យមើលនោះដែរលោកអភិបាលខេត្តបានលើកឡើងថាដោយឃើញស្ថានភាពប្រព័ន្ធស្ពានលូចំនួន ៥ទីតាំងដែលកន្លងមកមានស្ថានភាពតូចហើយអាជ្ញាធរនឹងប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ ២០២១ ក្នុងការរៀបចំស្ថាបនាទីតាំងទាំងនោះឱ្យបានធំទូលាយទឹកហូរបានលឿនកាត់បន្ថយការជន់លិចរយៈពេលវែង។
ហើយក្នុងនោះលោកអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងស្ពាន អិលវី និងស្ពានអង្គការបន្ទប់តាប៉ាងដែលតែងតែលិចមុនគេ ដោយឥឡូវនេះអាជ្ញាធរបានកសាងស្ពានរួចរាល់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងអូរឱ្យបានស្អាតបំពាក់ទៅដោយអំពូលភ្លើងងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ផងដែរ។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រដូវវស្សាឆ្នាំនេះអាចនឹងកាត់បន្ថយការជន់លិចបានច្រើន បន្ទាប់ពីអាជ្ញាធរបានកាយប្រព័ន្ធអូរប្រឡាយពង្រីកស្ពានធំទូលាយធ្វើឱ្យចរន្តទឹកហូរបានលឿន ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយនឹងអាជ្ញាធរកុំបោះចោលសំរាមកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយដែលបង្កឱ្យមានការកកស្ទះប្រព័ន្ធលូនិងបណ្ដាលឱ្យមានការជន់លិចលំនៅដ្ឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង៕

អត្ថបទ៖ ប៉ៃ សុឃីម