កម្ពុជា នឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត នៅឃុំថ្មដា ក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសថៃ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
បើតាមក្រសួងសាធារណការ បានឱ្យដឹងថា ច្រកព្រំដែនអន្តរជាតិថ្មីនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល គ្រោងនឹងបើកច្រកនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕




