ព័ត៌មានជាតិ

សម្ពន្ធវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជម្នះ៧មករា លើកទី២១ ឆ្នាំ២០២២ ដែលការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា

នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ឆ្នាំ២០២២ នេះ។ លោកថា មានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លិបស្មើនឹង១៥៤រូបបូករួមទាំងកីឡាកិត្តិយសនិងក្រុមប្រតិភូមកពីសហព័ន្ធកីឡាវាយសីកម្ពុជាផងសរុបជាង២០០រូបបានអញ្ជើញចូលរួម។

 

លោក ជាម សុភា បន្តថា សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសា និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ។

លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា

បានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗនៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាបមានកីឡាករជាប់ក្នុងក្រុមជម្រើសជាតិចំនួន៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជម្រើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។

លោក អគ្គលេខាធិការបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីដណ្តើមពានរង្វាន់ ទុកសម្រាប់ខេត្តរៀងៗខ្លួន និងដើម្បីបម្រុងឬក៏ត្រៀមចូលរួមប្រកួតជម្រុះតាមខេត្ត រួចហើយទើបឈានទៅប្រកួតទូទាំងប្រទេសសម្រាប់ជ្រើសរើសកីឡាជម្រើសជាតិបាន ។លោកបានចាត់ទុកក្លិបសម្ពន្ធកីឡាវាយសីខេត្តសៀមរាបថាជាគំរូដ៏ល្អមួយសម្រាប់ទូទាំងប្រទេស ព្រោះក្លិបនេះមានលក្ខណៈធំទូលាយ ផាសុកភាព ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ខណៈដែលប្រកួតជាលក្ខណៈជាតិក្តីនិងលក្ខណៈអន្តរជាតិក្តី នៅពេលខាងមុខ សហព័ន្ធកីឡាវាយសីកម្ពុជានឹងសហការស្នើសុំទីតាំងនេះធ្វើការប្រកួតកីឡាវាយសីដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិទៀតផង ជាពិសេសការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕