ព័ត៌មានជាតិ

អភិបាលខេត្តកែប៖ កងទ័ពជើងទឹកត្រូវការពារពលរដ្ឋរកស៊ីស្របច្បាប់លើផ្ទៃទឹក និងការពារធនធាន សមុទ្រឲ្យគង់វង្ស

image



កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍យ៉ាងដូចនេះថា កងកម្លាំងនគរបាល ការពារព្រំដែនទឹកគឺ ជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការពារប្រជាពលរដ្ឋរកស៊ីស្របច្បាប់ នៅលើផ្ទៃសមុទ្រ ជាពិសេសចូលរួមការពារ ធនធានធម្មជាតិនៅលើនឹងក្រោមផ្ទៃទឹក និងការពារបូរណភាព អធិបតេយ្យភាព ដែនសមុទ្រកម្ពុជារបស់យើង។

លោកថ្លែងបែបនេះក្នុងកំឡុងពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប នារសៀលថ្ងៃ២៧ ខែមករា ឆ្នាំ២០២២នេះ។

លោកបានបន្ថែមថា ដើម្បីប្រសិទ្ធភាពការនៃការបំពេញការងាររបស់ខ្លួន នគរបាលការពារព្រំដែនទឹក ត្រូវមានចំណេះជំនាញ បច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក(ស្គូបា) និងសង្គ្រោះបឋម ឲ្យបាន ច្បាស់លាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

យោងរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក សំរឹទ្ធ ថាវរ៉ាត់ មេបញ្ជាការវរៈសេនាតូចលេខ៤៣០ បានអោយដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ជាលទ្ធផល វរៈសេនាតូចលេខ៤៣០ ថ្មីៗនេះ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបើកវគ្គហ្វឹកហ្វឺន (ស្គូបា) ជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះបឋមរយៈពេល៣ខែ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤១ប្រចាំខេត្តកំពត ជាលើកទី១ ចំនួន១៥០នាក់ គ្រោងនឹងបញ្ចប់វគ្គហ្វឹកហ្វឺននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែកដើមឆ្នាំ២០២២នេះបានបញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ មានចំនួន៣០នាក់ ស្រី១នាក់ រយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

លោកបន្ថែមថា ជាលទ្ធផលក្នុងឆ្នាំ២០២១កន្លងទៅ នគរបាលព្រំដែនទឹកលេខ ៤៣០របស់យើង បានខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ច និងជំនាញ ដែលខ្លួនមាន ដើម្បីរួមចំណែកក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងរក្សាបាននូវបូរណភាព អធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋប្រកបមុខរបរ លើផ្ទៃសមុទ្រទទួលបាន លទ្ធផលល្អប្រសើរផងដែរ៕

អត្ថបទ៖ ង៉ុង សាន់