ព័ត៌មានជាតិ

គំនុំសងសឹកក្លាយជាអ្នកទោស ក្រោយយកកាំបិតខ្វែវកាប់បុរសម្នាក់ស្លាប់ ព្រោះខឹងវាយប្អូនខ្លួនកាលពីឆ្នាំទៅ 

image

សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធីបង្កក់កូន របស់ឈ្មោះ ស៊ាន ខន ភេទប្រុស នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ល្ងាច នៅផ្ទះឈ្មោះ ស៊ាន ខន ភេទប្រុស នៅភូមិកើតហេតុខាងលើ មានកម្មវិធីជប់លៀងបង្កក់កូន មានភ្ញៀវចូលរួមច្រើនផឹកស៊ី រហូតដល់ម៉ោង ៩:២០នាទីយប់ ជនសង្ស័យខាងលើស្រវឹងស្រាបានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើត និងទីលំនៅសព្វថ្ងៃ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនដែរនោះ ត្រូវត្រង់ដើមទ្រូងឆ្វេង១ខ្វែវ និងត្រង់ស្មាខាងស្តាំ១ខ្វែវ បណ្តាលឱ្យរងបួសធ្ងន់ ពេលនោះត្រូវបានបងប្អូនដឹកតាមរថយន្តមកពេទ្យ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ឈ្មោះ សយ បូរំ និងខ្វែវពិតមែន មូលហេតុ មានកំហឹងនឹងជនរងគ្រោះ ដែលបានវាយប្អូនខ្លួនកាលពីឆ្នាំទៅ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ រួមជាមួយវត្ថុតាង កាំបិតខ្វែវ ១ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់៕