ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីសុខាភិបាលទើបចូលក្របខ័ណ្ឌថ្មី ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

image


កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានណែនាំដល់មន្ត្រីសុខាភិបាលដែលទើបចូលបម្រើក្របខ័ណ្ឌថ្មីគឺត្រូវគោរពក្រមសីលធម៌ជាគ្រូពេទ្យត្រូវខិតខំធ្វើការឲ្យបានល្អ បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ។

ការ ថ្លែងបែបនេះរបស់អភិបាលខេត្តកំពង់ចាមគឺធ្វើឡើងនៅក្នុងឱកាស ដែលលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកវេជ្ជៈបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញសំណេះ សំណាលជាមួយមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនេះដែរលោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា «ពីមុនពួក យើងគឺជាមន្ត្រីជាប់កិច្ចសន្យា មន្ត្រីស្ម័គ្រចិត្តប៉ុន្តែពេលនេះបានក្លាយជាមន្ត្រីក្របខ័ណ្ឌដែលជា មន្ត្រីរបស់រាជរដ្ឋាភិបាលដូចនេះត្រូវខិតខំបម្រើការងារតាមវិជ្ជាជីវៈគ្រូពេទ្យដើម្បីកុំឲ្យមានការថ្នាក់ថ្នាំងចិត្តពីប្រជាពលរដ្ឋ ផ្ទុយទៅវិញ ប្រសិនបើគ្រូពេទ្យទាំងអស់គ្នាធ្វើការបានល្អ ប្រៀប បានទៅនឹងយើងបានជួយខ្លួនឯង និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។

ជាមួយគ្នានេះលោកអភិបាលខេត្តកំពង់ចាមក៏បានណែនាំនិងជំរុញដល់គ្រូពេទ្យដែល ទើបចូលបម្រើក្របខ័ណ្ឌថ្មី កុំបង្កើតនូវបញ្ហាណាមួយដែលធ្វើឲ្យខាតបង់ប្រយោជន៍របស់ អង្គភាពមន្ទីរពេទ្យ ប្រសិនបើមានបញ្ហាអ្វីមួយ យើងត្រូវជជែកគ្នាលើកជាយោបល់ សំណូមពរ នានាដើម្បីធ្វើការដោះស្រាយ។
ទន្ទឹមនេះដែរលោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់គ្រូពេទ្យត្រូវចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្តទៀត ខណៈដែលមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងបានឆ្លងចូលក្នុងសហគមន៍ ហើយមានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយយើង ទាំងអស់គ្នាឲ្យរួចផុតពីសេចក្តីស្លាប់៕

អត្ថបទ៖ ហ៊ាង ថាច