សង្គម

CDC អនុម័តលើគម្រោងវិនិយោគបង្កើតមន្ទីរពេទ្យពហុព្យាបាលថ្មីមួយ ក្នុងតម្លៃទុនវិនិយោគ ១៥លានដុល្លារ

image


ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ជាមួយតម្លៃទុនវិនិយោគប្រមាណ ១៥លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ CDC ដែលបានបង្ហោះនៅលើ Page ហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ។

តាម CDC គម្រោងវិនិយោគនេះ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។

កន្លងមកមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចេញទៅរកសេវាថែទាំសុខភាព និងព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាងដូចជា វៀតណាម និងថៃ ជាដើម។ ដូច្នេះការវិនិយោគទៅលើគម្រោងបង្កើតមន្ទីរពេទ្យ គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលកំពុងតែប្រឹងប្រែងពង្រឹងគុណភាពវិស័យសុខាភិបាល និងការធ្វើទំនើបកម្មមន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនឹងតម្រូវការស្វែងសេវាកម្មថែទាំសុខភាព និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន៕