ព័ត៌មានជាតិ

ធនាគារវីង ផ្តល់ការគាំទ្រដល់គម្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ ដើម្បីធ្វើជាអត្តសញ្ញាណអាហារ ប្រចាំខេត្តកំពង់ឆ្នាំង

image


ភ្នំពេញ ៖ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ CNC នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះថា គម្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ នៅតាមសហគមន៍ ដើម្បីធ្វើជាអត្តសញ្ញាណអាហារ ក្នុងការផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្ត នៅខេត្តកំពង់ឆ្នាំង បានទទួលការគាំទ្រពីសំណាក់ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង តាមរយៈការផ្តល់ប្រាក់កម្ចី ក្នុងជំហានដំបូង ចំនួន២៥ម៉ឺនដុល្លារអាមេរិក ដោយពុំត្រូវការទ្រព្យបញ្ចាំនោះទេ។
លោកបានបន្ថែមថា បច្ចុប្បន្នខេត្តកំពង់ឆ្នាំង បានអនុវត្តរួចមកហើយ នូវការចិញ្ចឹមចៀម នៅស្រុកទឹកផុស ដោយចិញ្ចឹមបានជាង៦០០ក្បាលហើយ ដោយតាមគម្រោង ត្រូវការពង្រីកបន្ថែមទៀត ឲ្យបានយ៉ាងហោចណាស់១ម៉ឺនក្បាល ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ដើម្បីផ្គត់ផ្គង់តាមតម្រូវការ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា "ខ្ញុំចង់ឲ្យខេត្តខ្ញុំ ក្លាយទៅជាខេត្តដែលចិញ្ចឹមចៀម ច្រើនជាងគេ ដើម្បីក្លាយជាអត្តសញ្ញាណអាហារ នៅក្នុងខេត្ត, ឥឡូវខ្ញុំបានធនាគារវីងមួយ ជាធនាគារគំរូ ក្នុងការប្តូររបទថ្មីមួយ ដែលបានផ្តល់ឥណទាន ដោយមិនត្រូវការប្រាក់បញ្ចាំ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតាមសហគមន៍"។ "ខ្ញុំសូមអរគុណ អ្នកឧកញ៉ា គិត ម៉េង ដែលបានសម្រេចផ្តល់គោលនយោបាយ ផ្តល់ឥណទានឥតត្រូវការទ្រព្យបញ្ចាំបែបនេះ"។
លោក ស៊ុន សុវណ្ណរិទ្ធិ បានឲ្យដឹងដែរថា តាមរយៈការគាំទ្រពីសំណាក់ធនាគារវីងនេះ, រដ្ឋបាលខេត្ត គ្រោងនឹងចាប់ផ្តើមគម្រោងពង្រីកការចិញ្ចឹមចៀម នៅខែមីនាខាងមុខ ដោយគម្រោងពង្រីកឲ្យបានដល់១ម៉ឺនក្បាលនេះ ត្រូវការប្រាក់ចូលរួមបន្ថែមទៀត សំណាក់រដ្ឋបាលខេត្ត បន្ថែមពីលើប្រាក់ដែលផ្តល់កម្ចី ពីសំណាក់ធនាគារវីង។
ពាក់ព័ន្ធនឹងមេសត្វចៀមវិញ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការជាមួយប្រទេសថៃ ដើម្បីធ្វើការនាំចូល ក្នុងនោះក៏នឹងរួមមានទាំងសត្វពពែ ដើម្បីយកមកចិញ្ចឹមយកទឹកដោះផងដែរ៕

អត្ថបទ ៖ សន ពិសិដ្ឋ