កីឡា

សម្ដេចតេជោនាយករដ្ឋមន្ត្រីឧបត្តម្ភទឹកប្រាក់ ៥ម៉ឺនដុល្លារសម្រាប់ ចាន់ វឌ្ឍនាកា ព្យាបាលរបួស

image


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីព្យាបាលរបួសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា។ នេះបើយោងតាមការប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឪពុករបស់ ចាន់ វឌ្ឍនាការ លោក ចាន់ ចេស្ដា នៅរសៀលថ្ងៃទី២៨ ខែមករា នេះ។

ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament) អំឡុងការប្រកួតពានរង្វាន់មិត្តភាពមួយ រវាងក្រុមបឹងកេត ទល់នឹង ក្រុមវិសាខា កាលពីថ្ងៃទី២៦ ខែមករា ដែលអាចធ្វើឱ្យគេអវត្តមានយ៉ាងតិចរយៈពេល ៦ខែ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះនៅលើហ្វេសប៊ុកថា៖ "កុំមានការតក់ស្លុតកុំមានការភ័យខ្លាច។ ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ។ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត៦ខែ ទៅ៧ខែ តែខ្ញុំអាចត្រឡប់មកវិញបាន។ ចុះគ្រាន់តែរបួសប៉ុណ្ណេះ ចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ។ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា៦ខែទៀតក្រោយការវះកាត់ជោគជ័យ"៕