ព័ត៌មានជាតិ

គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ២១B ក្នុងខេត្តកណ្តាល គិតរហូតមកទល់ពេលនេះ សម្រេចបាន៩៥%

image

កណ្តាល៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B ដោយមានការចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

យោងតាមក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវនេះ មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ៣% កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រStabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរបាយការណ៍ពីអគ្គនាយកដ្ឋានសាធារណការ បានបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥%ហើយ។ 

គួរកត់សម្គាល់ផងដែរថា គ្រឿងចក្រ Stabilizer នេះ ជាជំនួយពីប្រទេសជប៉ុន អាចជួយឱ្យកាសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៏ កាត់បន្ថយរយះពេលសាងសង់ និងប្រើប្រាស់បានយូរ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ។ គ្រឿងចក្រប្រភេទនេះ គឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបានចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ ៕