វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចាប់ដំណើរការអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់សម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម។
គម្រោងនេះ ជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាប្រទេសកម្ពុជា ឡាវ និងវៀតណាម ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជនឱ្យបានដឹងផងដែរ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីកិច្ចខិតខំយ៉ាងសស្រាក់សស្រាំឥតទំនេរដៃក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៃការដឹកជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ។
លោកនាយកវិទ្យាស្ថាន ក៏បានលើកឡើងអំពីបំណងប្រាថ្នារបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចង់ឱ្យកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ចេះសាងសង់ផ្លូវ-ថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយខ្លួនឯង ប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ជូនជាតិមាតុភូមិ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរជាមួយជោគជ័យរបស់វិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទទួលបានជំនួយពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ក្នុងការកសាងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
លោកស្រី រដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការ និងចូលរួមផ្តល់ធាតុចូលឱ្យបានផុលផុស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កានាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់នៅកម្ពុជា កាន់តែមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មូលនិធិគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ ដែលបានវាយតម្លៃប្រកបដោយសុក្រឹត្យភាព និងបានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នេះឡើង និងបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានគុណប្រយោជន៍នេះ។
សូមជម្រាបជូនថា កម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់នេះ នឹងក្លាយជាកម្មវិធីដែលបានរចនាថ្មី និងមានតែមួយគត់ក្នុងប្រទេសកម្ពុជា ជាកម្មវិធីសិក្សាមួយដែលមានរចនាសម្ព័ន្ធល្អ និងត្រូវបានបង្កើតឡើង ដើម្បីបំពាក់បំប៉នដល់សិក្ខាកាមគោលដៅមកពីប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ជាមួយអ្នកជំនាញ បច្ចេកទេសជាក់លាក់ និងទំនើបកម្មនៃការថែទាំផ្លូវថ្នល់។
កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ជូនដោយប្រើមធ្យោបាយនិងវិធីសាស្ត្រផ្សេងៗគ្នា រួមមាន៖ ការបណ្ដុះបណ្ដាលដោយផ្ទាល់ និងប្រយោលតាមកម្មវិធីអនឡាញ សិក្ខាសាលាការអនុវត្តជាក់ស្ដែងនៅតាម ការដ្ឋាន និងលំហាត់ ដើម្បីធានាថាសិក្ខាកាមគោលដៅមកពីប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកម្មវិធីបណ្ដុះបណ្ដាលនេះ ជាពិសេសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានឹងជួយសិក្ខាកម្មឱ្យទទួលបានអត្ថប្រយោជន៍ នៃការបណ្ដុះបណ្ដាលពីកន្លែង ដែលពួកគេរស់នៅផ្ទាល់៕
