សង្គម

សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានឃើញក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង

image

ពោធិ៍សាត់៖ ប្រភេទសត្វជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន។ នេះបើយោងតាមការបង្ហាញទិន្នន័យអំពី វត្តមានសត្វព្រៃក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដោយក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ២.៥ ខែ ពោលគឺ ពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

ក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំង ដែលក្នុងនោះមានក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣គ្រឿង ខេត្តបាត់ដំបងចំនួន ១៦គ្រឿង និងខេត្តកោះកុងចំនួន ១០គ្រឿង ដើម្បីបង្កើនចំណេះដឹងពីវិធីសាស្ត្រសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ ស្វែងរកវត្តមាន និងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង និងវាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

លោក នេត ភក្ត្រា បានបញ្ជាក់ថា នេះជាលើកទី២ហើយក្នុងក្របខណ្ឌនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវីដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ គម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គោលបំណងនៃគម្រោងនេះធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ ទី១ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ទី២. ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ទី៣. ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ទី៤. ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ទី៥. ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។

ការដែលជ្រើសរើសដែនជម្រកសត្វព្រៃស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ដោយសារតែតំបន់ការពារធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តទាំង ៣ មានអូរ បឹងបួរ ស្ទឹង ជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។

ជាមួយនឹងដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕