សង្គម

មន្ទីរពេទ្យកុមារជាតិ៖ អ្នកដែលអាចចាក់វ៉ាក់សាំងកូវីដ១៩ដូស ទី៤បាន ត្រូវមានរយៈពេលគម្លាត ពីដូសទី៣យ៉ាងតិច៤ខែ និងមានអាយុចាប់ពី១៨ឆ្នាំឡើង

image

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសបានកំណត់យកមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មជ្ឍមណ្ឌលគាំពារមាតានិងទារក មន្ទីរពេទ្យមិត្តខ្មែរ និងមន្ទីរពេទ្យកុមារជាតិជាដើម ត្រូវបានដាក់ដំណើរការចាក់វ៉ាក់សាំងដូសទី៤ ដោយប្រើវ៉ាក់សាំងប្រភេទ Pfizer ។

បើតាមការបញ្ជាក់ពីលោក ញឹប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្ងៃនេះ គណៈកម្មការចំពោះកិច្ច បានកំណត់យកមន្ត្រីរាជការដែលបំរើការងារនៅក្រសួងសុខាភិបាល និងសមាជិកសមាជិការមកពីក្រុមប្រឹក្សាអង្គចៅក្រម សំរាប់ទទួលវ៉ាក់សាំងដូសទី៤ ដែលជាវ៉ាក់សាំងប្រភេទPfizer ។ សំរាប់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដូសមូលដ្ឋាន ដូសទី២ និងដូសទី៣ ក៏អាចមកចាក់បានជាធម្មតាផងដែរ ។
លោកប្រធានមន្ទីរពេទ្យកុមារជាតិ បានបន្តថា នៅក្នុងមន្ទីរពេទ្យគឺចាក់គ្រប់ទាំងអស់ ទាំងដូសទី១ ទី២ ដូសជម្រុញទី៣ និងទី៤ ប៉ុន្តែក្មេង ដែលអាយុ៥ឆ្នាំដល់១២ឆ្នាំ អនុញ្ញាតឱ្យចាក់ត្រឹមតែដូស ទី២ប៉ុណ្ណោះ មិនទាន់អនុញ្ញាតឱ្យចាក់ដូសជម្រុញនោះទេ។ សម្រាប់អ្នកមានអាយុពី១២ ទៅ១៨ ចាក់ដូសជម្រុញលើកទី៣ ដោយចាក់ប្រភេទស៊ីណូវ៉ាក់។

សម្រាប់អ្នកមានអាយុពី១៨ឆ្នាំឡើងទៅគឺអាចមកចាក់វ៉ាក់សាំងដូសជំរុញទី៣ ប្រភេទ ស៊ីណូវ៉ាក,ស៊ីណូហ្វាម ឬ អាស្រ្តាហ្ស៊ីនេកា។ ចំណែកឯ ដូសទី៤វិញ សម្រាប់តែមនុស្សដែលមានវ័យ១៨ឆ្នាំឡើងទៅ ហើយមានរយៈពេលគម្លាតពីដូស ទី៣ ទៅទី៤ យ៉ាងតិច៤ខែ ដោយប្រើវ៉ាក់សាំង Pfizer តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ញឹប អង្គារបុស្ស បន្តថា ចំនួនវ៉ាក់សាំងមិនមានកំណត់នោះទេគឺអាចស្នើសុំបន្ថែម បានរីឯចំនួនមនុស្សវិញក៏មិនមានការកំណត់នោះដែរ ។

ជាមួយគ្នានេះ លោកញឹប អង្គារបុស្ស ថ្លែងថា ពេលនេះប្រទេសកម្ពុជាយើង កំពុងមាន ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ ហើយក៏មានរលកថ្មីមួយទៀតដែរ គឺកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» បានចូលឆ្លងចូលដល់ក្នុងសហគមរួចហើយ ចំពោះអ្នកជំងឺក៏មានការកើនឡើងជាបន្តបន្ទាប់ដែរ ដូច្នេះហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសអ្នកមិនទាន់បានចាក់ ពេលដល់វេនត្រូវចាក់ ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរពេទ្យ ក៏បានបញ្ជាក់ពីអ្នកម្តាយដែលសម្រាលកូនខ្ចីរួច បន្ទាប់ពីចេញខែ ឬក្នុងខែក៏អាចមកចាក់វ៉ាក់សាំងកូវីដ-១៩បានដែរឱ្យតែគាត់អាចធ្វើដំណើរមកកាន់មន្ទីរពេទ្យបាន និងមានសុខភាពល្អគ្រាន់តែមានអាការៈចុកដៃរសេះរសោះដៃជើងបន្តិចបន្តួច ប៉ុន្តែរយៈពេល ៣ ទៅ៤ថ្ងៃ អាការៈទាំងនេះនឹងបាត់ទៅវិញ ។
ទន្ទឹមនឹងនោះ លោកញឹប អង្គារបុស្ស ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ដោយនាំគ្នាមកចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នា ព្រោះវ៉ាក់សាំងនេះមិនគិតប្រាក់នោះទេ ។
ប្រជាពលរដ្ឋក្រុមគោលដៅដែលមកទទួលសេវាចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤ថ្ងៃបើកយុទ្ធនាការនេះបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានខិតខំស្វែងរកវ៉ាក់សាំងយក់មកចាក់ជូនដល់ពួកគាត់នៅពេលនេះ ដើម្បីការពារអាយុជីវិតពីការគំរាមគំហែងពីវីរុសកូវីដ១៩នេះ ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ទូទាំងប្រទេសបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អាយុ ១៨ឆ្នាំ ឡើងទៅ បាន101.72% អាយុ ១២-១៧ឆ្នាំ បាន 99.26% អាយុ ០៦-១១ឆ្នាំ បាន105.54% អាយុ ០៥ឆ្នាំ បាន១០២.៨៨ % ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបាន រកឃើញអ្នកឆ្លងថ្មី១០ នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ ១៥ នាក់ និងស្លាប់ «គ្មាន» ក្នុងនោះ ករណីឆ្លងសហគមន៍ ០៦ នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស ០៤ នាក់ (អូមីក្រុង) ដោយគិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនយណ១២០,៧២៨ នាក់អ្នកជាសះស្បើយចំនួន១១៧,០៧២ នាក់និងអ្នកស្លាប់ចំនួន៣,០១៥ នាក់៕

ដោយ៖ គង់ វណ្ណៈ