ព័ត៌មានអន្តរជាតិ

ការប្រែប្រួលបរិយាកាសធ្វើឱ្យហ្វូងមច្ឆជាតិងាប់រាប់ម៉ឺនក្បាលនៅកោះស៊ូម៉ាត្រាភាគខាងលិច

image


ឥណ្ឌូណេស៊ី៖ ហ្វូងមច្ឆជាតិរាប់ម៉ឺនក្បាលបានងាប់យ៉ាងរណូករណែលកាលពីប៉ុន្មានសប្តាហ៍មុននៅក្នុងបឹងម៉ានីចូ ភាគខាងលិចកោះសូម៉ាត្រា របស់ប្រទេសឥណ្ឌូណេស៊ី ដែលបច្ច័យទំាងអស់នេះ ត្រូវគេស្តីបន្ទោសថាបណ្តាលមកពីកត្តាបរិស្ថាន និងកត្តាមនុស្សដែលបានប្រព្រឹត្តិឡើងក្នុងមួយទសវត្សរ៍ចុងក្រោយ។

ក្រុមអាជ្ញាធរនៅក្នុងខេត្តប៉ាដាង បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានប្រទេសសិង្ហបុរី(CNA)នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នំា២០២២នេះថា កាលពីខែធ្នូ គេរកឃើញសំណាកត្រីងាប់ប្រមាណជា ១៧០០តោននៅក្នុងបឹងមួយមានចម្ងាយប្រមាណជា ១១៥ គីឡូម៉ែត្រពីកោះស៊ូម៉ាត្រាភាគខាងលិច ដោយមិនដឹងមូលហេតុ។

លោកចៅហ្វាយស្រុក តាន់ជុងរ៉ាយ៉ា (Tanjung Raya) បានរៀបរាប់ប្រាប់បណ្តាញផ្សព្វផ្សាយថា នេះជាគ្រោះអាកាសធាតុដ៏អាក្រក់បំផុតពុំធ្លាប់ឃើញមានកាលពីមុន ដោយសារតែការប្រែប្រួលបរិយាកាសរបស់ផែនដីទើបធ្វើឱ្យប៉ះពាល់ខ្លំាង និងនំាឱ្យត្រីងាប់ច្រើនហួសពីការរំពឹងទុកទៅទៀត។

មន្ត្រីថ្នាក់ក្រោមជាតិរូបនេះបានបន្តទៀតថា ចាប់តាំងពីខែ វិច្ឆិកា ដល់ខែកុម្ភះ យើងតែងតែឆ្លងកាត់នូវអាកាសធាតុអាក្រក់ខ្លំាងនៅក្នុងស្រុក តាន់ជុងរ៉ាយ៉ា (Tanjung Raya)មានដូចជា ខ្យល់បោកបក់ខ្លំាង របាយទឹកភ្លៀងធ្លាក់ច្រើនអាចបង្កឱ្យមានការរអិលបាក់ដីកើតមានឡើងជាញឹកញាប់ និងការបំពុលទឹកដែលអាចឈានដល់ការងាប់ហ្វុងមច្ឆជាតិទំាងឡាយ។

គួរបញ្ជាក់ផងដែរថា បញ្ហាការប្រែប្រួលអាកាសធាតុបានក្លាយទៅជាមូលបទមួយដ៏សំខាន់និងមានការយកចិត្តទុកជាចំបាច់ពីសំណាក់មេដឹកនំានៅជុំវិញពិភពលោក ហើយរឿងរ៉ាវនៃការប្រែប្រួលអាកាសធាតុនេះសោតទៀត រមែងមានការលើកឡើងនិងចោទដាក់គ្នាទៅវិញទៅមករវាងប្រទេសអ្នកមានឧស្សាហកម្មលូតលាស់ និងប្រទេសក្រីក្រថា ជាអ្នកបង្កឡើង និងជាដើមហេតុដែលនំាឱ្យមានការប្រែប្រួលបរិយាកាសនិងកំដៅជាសកលជាដើម៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA