ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងព្រមានអាម៉េរិកខ្លំាងៗ បន្ទាប់ពីអាម៉េរិកប្រកាសដាក់ទណ្ឌកម្មរឿងបាញ់មីស៊ីលចុងក្រោយ

image


កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នំា២០២២នេះ ប្រទេសកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងវាយបកទៅលើសហរដ្ឋអាម៉េរិកវិញដ៏ខ្លំាងក្លា បន្ទាប់ពីសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃមុន ពាក់ពន្ធ័នឹងការបាញ់មីស៊ីលរំលងទ្វីបទំនើបចុងក្រោយនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយតាមបណ្តាញផ្សព្វផ្សាយក្រោមឥទ្ធិពលបក្សពលករកូរ៉េឬហៅជាផ្លូវការ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយថា ដរាបណាសហរដ្ឋអាម៉េរិកនៅតែមានជំហរប្រឈមមុខដាក់គ្នាបែបនេះ អាចនឹងរងនូវផលវិបាកធ្ងន់ធ្ងរត្រឡប់វិញ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានអះអាង និងការពារទៅលើការបាញ់បង្ហោះមីស៊ីលរំលងទ្វីបកាលពីថ្ងៃមុនថា ជារឿងត្រឹមត្រូវដើម្បីស្វ័យការពារ។

ដោយឡែកលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខេនវិញបានថ្លែងនៅក្នុងបទសម្ភាសន៍មួយឱ្យបណ្តាញផ្សព្វផ្សាយឈ្មោះ MSNBC បានលើកឡើងថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង គឺជាការបង្កឱ្យមានអស្ថេរភាពជ្រាលជ្រៅនៅក្នុងតំបន់ និងសកលលោក។

លោកបានបង្ហើបបន្តទៀតថា សហរដ្ឋអាម៉េរិកកំពុងតែពិភាក្សាជាមួយនឹងអង្គការសហប្រជាជាតិ រួមទំាងដៃគូរបស់ខ្លួនសំខាន់ៗដទៃទៀតមានដូចជា ជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម ក្នុងគោលដៅដើម្បីរួមគ្នាធ្វើការឆ្លើយតបទៅនឹងចំណាត់ការរបស់កូរ៉េខាងជើងមួយរយៈកាលចុងក្រោយនេះ។

គួររំលឹកផងដែរថា មេដឹកនំាកូរ៉េខាងជើងបានលើកឡើងកាលពីព្រហស្បតិ៍ថា ខ្លួននឹងបាញ់មីស៊ីលលើកទី៣បន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាពិតប្រាកដថា តើនឹងបាញ់នៅថ្ងៃណាឡើយ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AP