សង្គម

អភិបាលស្រុកមោងឫស្សី៖ ការធ្វើកសិកម្មឱ្យបានច្រើនមុខ គឺជាការទប់ស្កាត់ហានិភ័យទីផ្សារ

image


បាត់ដំបង៖ នៅចំពោះមុខក្រុមសហគមន៍កសិកម្ម ក្រុមផលិតករ កសិ.ពាណិជ្ជករខ្នាតតូច និងមធ្យម ស្ថិតក្នុងតំបន់គោលដៅនៃសុ្រកមោងឫស្សី គាស់ក្រឡ និងស្រុករុក្ខគិរី លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ការធ្វើកសិកម្មមិនអាចធ្វើត្រឹមតែមួយមុខប៉ុណ្ណោះទេ គឺត្រូវធ្វើឱ្យបានច្រើនមុខចៀសវាងជួបបញ្ហា ក៏ដូចជាហានិភ័យទីផ្សារចំពោះមុខ ។
លោកទេព ហន បានបន្តទៀតថា នៅក្នុងពេលដែលកម្ពុជាបានចាត់ទុកថា ជាប្រទេសកសិកម្មដ៏ធំ ហើយវិស័យ កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ហើយជាទុនដ៏ធំនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើននោះ គឺត្រូវទាមទារឱ្យកសិករធ្វើការចិញ្ចឹមសត្វ និងការដាំដុះដំណាំផ្សេងៗឱ្យបានច្រើនមុខ ដើម្បីទប់ស្កាត់បញ្ហាទីផ្សារ ដែលឈ្មួញតែងតែទម្លាក់ថ្លៃនៅក្នុងពេលប្រមូលផលច្រើនជុំគ្នា ។
ការលើកបង្ហាញនេះ បានធ្វើឡើងតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជុំទី២ ឆ្នាំ២០២២ សម្រាប់គោលដៅនៃស្រុកមោងឫស្សី ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលក្រុមសហគមន៍កសិកម្ម ក្រុមផលិតករ កសិ.ពាណិជ្ជករខ្នាតតូច និងមធ្យមនៃស្រុកទាំងបីនេះ មានលក្ខណៈសម្បត្តិ ស្របតាមល័ក្ខខ័ណ្ឌតម្រូវរបស់គម្រោង ហើយចងសម្ព័ន្ធធុរកិច្ចក្នុងខ្សែច្រវាក់តម្លៃពិពិធកម្មកសិកម្មរួមគ្នា ។
លោក បានបង្ហាញឲ្យដឹងទៀតថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា មាន៥សមាសភាគសំខាន់ៗគឺ ទី១.ការជួយគាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម ២.ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ៣.ការធ្វើឱ្យប្រសើរនូវប្រព័ន្ធព័ត៌មានកសិកម្ម និងការគ្រប់គ្រងត្រួតពិនិត្យគុណភាព ៤.ការគ្រប់គ្រង សម្របសម្រួល ការតាមដាននិងវាយតម្លៃគម្រោង និងទី៥.ការត្រៀមឆ្លើយតបចំពោះស្ថានភាពអាសន្ន ។
សូមបញ្ជាក់ថា តាមរយៈនៃការបើកសិក្ខាសាលានេះ សមាជិកសហគមន៍កសិកម្ម ក្រុមផលិតករ និងកសិពាណិជ្ជករខ្នាតតូច និងមធ្យមស្ថិតក្នុងតំបន់គោលដៅទាំងអស់ក្នុងស្រុក និងខេត្តបាត់ដំបង នឹងមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌតម្រូវរបស់គម្រោង ហើយចងសម្ព័ន្ធធុរកិច្ចក្នុងខ្សែច្រវាក់តម្លៃពិពិធកម្មកសិកម្មរួមគ្នា ដើម្បីទទួលបានការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងខ្ចីប្រាក់ពីឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន អាស្រ័យទៅតាមអ្នកពាក់ព័ន្ធ ដែលទទួលបានសិទ្ធិសមស្របតាមល័ក្ខខ័ណ្ឌទាំងអស់របស់គម្រោងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅបានល្អប្រសើរ៕
ដោយ៖ ឡាច សុគន្ធាវី