សង្គម

ក្រសួងសាធារណការ កំពុងសិក្សាពីផ្លូវវាងក្រុងសៀមរាបថ្មីមួយទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

image

សៀមរាប៖ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ទៅមក ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសិក្សាគម្រោងថ្មីបន្ថែមទៀត ដូចជាគម្រោងផ្លូវវាងក្រុងថ្មី គម្រោងរថយន្តក្រុង(Bus)ដឹកអ្នកដំណើរដោយប្រើចរន្តអគ្គិសនីជាដើម។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលបានស្ថាបនារួចរាល់១០០ភាគរយហើយនោះ ខេត្តសៀមរាបក៏នឹងទទួលបានរង្វង់មូលដ៏ធំមួយបន្ថែមទៀត ដែលមានទំហំអង្កត់ផ្ចិត២៥ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ចំណុចផ្សារស្វាយធំ ស្រុកប្រាសាទបាគង។

លោកបន្តថា ក្រៅពីនេះក៏នៅមានគម្រោងសិក្សាអំពីផ្លូវវាងក្រុងសៀមរាបថ្មីមួយបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសកូរ៉េ និងការជំរុញឱ្យមានការដឹកជញ្ជូនដោយរថយន្តក្រុងដឹកអ្នកដំណើរ(Bus)ដើរដោយប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយការកកស្ទះចរាចរណ៍។

គួររម្លឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ប្រើប្រាស់រយៈពេល១៣ខែក្នុងការសាងសង់ និងបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីវឌ្ឍភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រចាំឆមាសទី២ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០% តាមផែនការដែលបានគ្រោងទុក។ ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣.១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤%៕

អត្ថបទ៖ជា ស្រស់