សង្គម

សមត្ថកិច្ចបង្ក្រាបម៉ូតូអត់ពន្ធជាច្រើនគ្រឿង និងច្រើនកន្លែង នៅខេត្តស្ទឹងត្រែង

image

ស្ទឹងត្រែង៖ សមត្ថកិច្ចបាន ឱ្យដឹងថា មានករណីបង្ក្រាបម៉ូតូអត់ពន្ធទ្រង់ទ្រាយធំមួយ ដែលពុំធ្លាប់មានពីមុន នៅខេត្តស្ទឹងត្រែង សម្រាប់ដើមឆ្នាំ២០២២។

ករណីបង្ក្រាបលើម៉ូតូអត់ពន្ធខាងលើ ធ្វើឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងនគរបាល ដែលដឹកនាំដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីបង្ក្រាបម៉ូតូអត់ពន្ធថ្ងៃនេះមានចំនួន១១ទីតាំង ដែលស្ថិតក្នុងក្រុងស្ទឹងត្រែង ហើយបានរឹបអូសបន្តបន្ទាប់ចំនួន៥០គ្រឿង ដែលភាគច្រើនជាម៉ូតូម៉ាកវ៉េវ។
ចំពោះម៉ូតូដែលរឹបអូសបានខាងលើលោកព្រះរាជអាជ្ញា ជា សុ ភ័ក្រ បានដឹកយកទៅរក្សាទុកនៅបរិវេណស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីធ្វើនីតិវិធីបន្តតាមច្បាប់។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានសាទរចំពោះចំណាត់ការបង្ក្រាបលើម៉ូតូអត់ពន្ធនេះផងដែរ ព្រោះថាកន្លងមកមានក្រុមក្មេងស្ទាវបានប្រើប្រាស់ម៉ូតូអត់ពន្ធជិះបង្ហោះទាំង ក្រុម ដែលធ្វើឱ្យខូចសណ្តាប់សាធារណ: ហើយខ្លះទៀតបានជិះម៉ូតូអត់ពន្ធដេញកាប់ចាក់គ្នាលើដងផ្លូវ ដែលបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលរស់នៅក្បែរនៅថែមទៀតផងដែរ។ លើសពីនេះក្រុមជិះម៉ូតូអត់ពន្ធ កន្លងមកក៏បានធ្វើសម្មភាពលួច ប្លន់ យកម៉ូតូ ពីសិស្សសាលា និងគាស់ផ្ទះអ្នកភូមិយកម៉ូតូ និងសម្ភារជាច្រើនទៀតផង៕

អត្ថបទ៖ ម៉ាក មេត្តា