ព័ត៌មានជាតិ

កុំចេះតែជាន់! កាមេរ៉ាចាប់ល្បឿនផ្លូវជាតិលេខ៣ ដឹងព័ត៌មានទាំងអស់របស់រថយន្ត

image

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ប្រាកដជាចាប់អារម្មណ៍លើកាមេរ៉ាចាប់ល្បឿនដែលបានបំពាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ កាមេរ៉ាចាប់ល្បឿន ឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ ៣  ត្រូវបានដំឡើងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ។

ថ្មីៗនេះ ប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម បានចាប់អារម្មណ៍រូបភាពដែលបង្ហាញពីកាមេរ៉ាចាប់ល្បឿនផ្លូវជាតិលេខ៣ ដែលបានបង្ហាញទិន្នន័យទាំងអស់របស់រថយន្ត ទាំងស្លាកលេខ ប្រភេទរថយន្ត ពេលវេលាឆ្លងកាត់ ព្រមទាំងការពិនិត្យបទល្មើសរបស់អ្នកបើកបរ ជាដើម។ សូម្បីតែមុខរបស់អ្នកបើកបរ ក៏កាមេរ៉ានេះអាចចាប់បានយ៉ាងច្បាស់ផងដែរ ដូច្នេះ មិនអាចតវ៉ាបានឡើយក្នុងករណីរំលោភបំពានច្បាប់ចរាចរណ៍ណាមួយ៕