ស្អែកនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសម្ពោធបើកដំណើរការជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
រូបភាពឯកសារ ៖លោក អេង សុគុណ និងលោក លឹម មុនី
ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងសម្ពោធបើកដំណើរការជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។
សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតតេជោ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ធ្លាប់អញ្ជើញចូលរួមពិធីប្រកាសទទួល និងប្រគល់ រួមគ្នានូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីនារសៀលថ្ងៃទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។
សម្រាប់ប្រទេសទាំងពីរ កម្ពុជា និងចិន បានគូសបញ្ជាក់ថា សមិទ្ធផលនេះតំណាងឱ្យមិត្តភាពដែលមានទំនាក់ទំនងស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរជារៀងរហូត។
ពហុកីឡដ្ឋានជាតិមរតកតេជោបានត្រូវបានត្រៀមរួចទៅហើយសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២២ និងស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នៅឆ្នាំ ២០២៣។
ការបង្កើតពហុកីឡាដ្ឋានស្តង់ដារអន្តរជាតិនឹងធ្វើឱ្យវិស័យកីឡាកម្ពុជាឈានដល់កម្រិតថ្មី និងទាក់ទាញព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំនានាមកកម្ពុជា។
ពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋានអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការជ្រើសរើសជម្រើសពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានរាងជាសំពៅនេះ គឺមានមូលហេតុថា ក្នុងប្រវត្តិសាស្ត្រចិនធ្វើទំនាក់ទំនងជាមួយ នឹងបណ្ដាប្រទេសនៅ អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ តាមរយៈសំពៅ ហើយចិនក៏បានដាក់ចុះនូវផ្លូវសូត្រសមុទ្រ សតវត្សទី ២១ រួមទាំង នយោបាយផ្លូវមួយ ខ្សែ ក្រវាត់មួយផងដែរ ដែលនេះ គឺជាការ ជ្រើសរើសយកជម្រើសពហុកីឡាដ្ឋានជាតិ មានចារឹកជាសំពៅនេះ៕






