ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ពិភាក្សាជាមួយស្ថាបនិក Huawei ដើម្បីលើកកម្ពស់កិច្ចសហការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍទេពកោសល្យ

image

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញជាមួយស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhengfei កាលពីម្សិលមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន និងលើកកម្ពស់ការប្រើប្រាស់ 5G បូករួមនឹងនវានុវត្តន៍អេកូ AI។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់សំណេររបស់លោក ប្រាយុទ្ធ នៅលើហ្វេសប៊ុករបស់លោក។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានអះអាងថា កិច្ចជំនួបតាមវីដេអូអនឡាញជាមួយថ្នាក់ដឹកនាំកំពូលរបស់ Huawei រួមទាំងមហាសេដ្ឋីចិន បានបង្ហាញពីលទ្ធផលផ្លែផ្កាល្អប្រសើរ និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីគាំទ្រដល់ការងាររបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងប្រទេសថៃ។

លោកបានបន្តថា ពួកយើងបានពិភាក្សាលើប្រធានបទមួយចំនួនរួមមានការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យវេជ្ជសាស្ត្រ, ការអប់រំ, ពាណិជ្ជកម្ម, សេវាកម្ម, ទេសចរណ៍, ហិរញ្ញវត្ថុ កសិ កម្ម និងឧស្សាហកម្មផ្សេងទៀត។ ចំណែកការអភិវឌ្ឍ Cloud platforms សម្រាប់គ្រប់ភាគីក្នុងការប្រើប្រាស់ទិន្នន័យធំៗក៏ស្ថិតក្នុងរបៀបវារៈដែលទាមទារការវិនិយោគរយៈពេលវែង និងជាបន្តបន្ទាប់ផងដែរ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ដែលបច្ចេកវិទ្យា ICT ទំនើប និងនវានុវត្តន៍ឌីជីថល នឹងដើរតួក្នុងការជួយដល់ភាពធន់ និងនិរន្តរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។

បន្ថែមលើនេះលោកនាយករដ្ឋមន្ត្រីថៃ បានបង្ហោះថា ឆ្ពោះទៅមុខ ប្រទេសថៃចង់បន្តធ្វើការជាមួយក្រុមហ៊ុន Huawei ក្នុងវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ចឌីជីថល, មន្ទីរពេទ្យឆ្លាតវៃ 5G, Cloud & Computing, ថាមពលឌីជីថល, ភ័ស្តុភារឆ្លាតវៃ និងមជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀត។

ក្រោយពីកិច្ចជំនួបនេះ រដ្ឋអំណាចថៃ កំពុងបញ្ជាឲ្យភ្នាក់របស់ខ្លួនពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន។

ទន្ទឹមនឹងនេះ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ទៀតថា លោក Ren Zhengfei បានសម្តែងការដឹងគុណចំពោះការជឿទុកចិត្តរបស់រដ្ឋាភិបាលលើក្រុមហ៊ុន Huawei និងបានអបអរសាទរដល់ប្រទេសថៃចំពោះការដាក់ឱ្យដំណើរការ 5G ប្រកបដោយជោគជ័យរបស់ខ្លួន។

លោកបាននិយាយថា ក្រុមហ៊ុន Huawei និងប្រទេសថៃបានធ្វើការរួមគ្នាដើម្បីកសាងមូលដ្ឋានគ្រឹះហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំអស់រយៈពេលជាច្រើនឆ្នាំ។

លោកបញ្ជាក់ថា យើងទន្ទឹងរង់ចាំការពន្លឿនបន្ថែមទៀតនៃការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មសំខាន់ៗរបស់ប្រទេសថៃ ជាពិសេសនៅក្នុងសមត្ថភាពកំពង់ផែ និងព្រលានយន្តហោះ។

លោកបាននិយាយថា ក្រុមហ៊ុន Huawei បានអនុវត្តបច្ចេកវិទ្យា 5G និង AI ដើម្បីអភិវឌ្ឍឧស្សាហកម្មជាច្រើននៅក្នុងប្រទេសចិន ហើយថាការពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នឹងនាំទៅរកដំណោះស្រាយបច្ចេកវិទ្យាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃ។

ក្រុមហ៊ុន Huawei បានបង្កើតសាលា Huawei Asean Academy នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ ដើម្បីលើកកម្ពស់កម្មករ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន កំពុងតម្រង់ទិសវិនិយោគនៅប្រទេសថៃ យ៉ាងណាមិញAlibaba Cloud ដែលជាផ្នែកសេវាកម្មកុំព្យូទ័រ Cloud របស់ក្រុមហ៊ុនយក្ស Alibaba Group របស់ចិន គ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ ដើម្បីចាប់យកតម្រូវការប្រើប្រាស់សេវាកម្មនេះកំពុងកើនឡើងនៅក្នុងប្រទេសនេះ ៕