ព័ត៌មានជាតិ

រកឃើញហើយ ក្រុមធាក់ប្លន់ម៉ូតូនៅខណ្ឌច្បារអំពៅ ក្នុងនោះ ៥នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ កំពុងរត់គេចខ្លួន

image

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅ ដោយពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូចំនួន ២លើក។

ប្រតិបត្តិការនេះធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ(មានសារធាតុញៀន)។ ទី២-ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវីរៈប៊ុនថាំង ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀញ)។ ទី៣-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀញ)។ ទី៤-ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ និងទី៥-ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាច្បារអំពៅ ឃាត់ខ្លួននៅចំណុចផ្ទះជនសង្ស័យលេខ៧៧០ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

 លោកវរសេនីយ៍ឯក អេង សោភា  បានបញ្ជាក់ថា ក្រោយការសាកសួរយកចម្លើយ ក្រុមជនសង្ស័យ បានសារភាពថាពួកខ្លួនមានបក្ខពួកចំនួន៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)ចំនូន០២លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ធាក់ប្លន់យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9244 និងគ្រឿងអល័ង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កងតម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរស័ព្ទដៃ០២គ្រឿង)។ និងលើកទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង១៣នាទី នៅចំណុចដីឡូតិ៍គ្មានលេខផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ធាក់ប្លន់យកបានម៉ូតូស្កូបពី០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខព្រៃវែង 1S-1641។ ចំពោះគ្រឿងអលង្ការពួកខ្លួនបានបោះចោលនៅស្ថានីយ៍ប្រេងកាល់តិចមុខប៉ុងឌីយ៉ាល់ដោយគិតថាជារបស់ក្លែងក្លាយ។

 ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ 1HI-8418 និងម៉ូតូម៉ាកស្សុយគី ពណ៌ស ផលិតឆ្នាំ២០១៩ ស្លាកលេខ 1DD-4561 ជារបស់ជនសង្ស័យជិៈធ្វើសកម្មភាព និងកាំបិតកែច្នៃចំនួន០១។

 បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕