ព័ត៌មានជាតិ

ចិន សន្យានឹងជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍កម្ពុជា ដើម្បីអនុវត្តតួនាទីភារកិច្ច កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត

image

ភ្នំពេញ៖ ទីប្រឹក្សាទី១ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន នឹងជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍កម្ពុជា ដើម្បីឱ្យការអនុវត្តតួនាទីភារកិច្ច កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ការបញ្ជាក់នេះ បានធ្វើឡើងខណៈលោក CHANG JIAN ទីប្រឹក្សាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។

លោក CHANG JIAN បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលលោក ចាត់ទុកថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នផ្សេងទៀត ដែលបានអនុវត្តយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ 

លោកទីប្រឹក្សាទី១ ក៏បានលើកឡើងអំពីការគិតគូរពិចារណា ដើម្បីស្នើសុំទៅរដ្ឋាភិបាលនៃប្រទេសចិន បង្កើនជើងហោះហើរពីកម្ពុជា ទៅចិន ឲ្យដំណើរការឡើងវិញ ក្នុងគោលបំណងសម្រួលដល់ជនជាតិចិន ក៏ដូចជាជនបរទេសផ្សេងទៀត រួមទាំងប្រជាជនកម្ពុជា អាចធ្វើដំណើរទៅប្រទេសចិនវិញបាន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឯកភាពចំពោះការវាយតម្លៃរបស់លោក ទីប្រឹក្សាទី១ លើលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយសម្រាប់សាងសង់អគារស្នាក់ការត្រៀមបណ្តេញចេញមួយខ្នងនៅរាជធានីភ្នំពេញ។ លោក បានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយនេះ ជាការឆ្លើយតបត្រូវនឹងសភាពការណ៍ និងតម្រូវការចំពោះមុខរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងជួបប្រទះបញ្ហាប្រឈមនៃការចង្អៀតណែនក្នុងការរក្សាទុកជនបរទេសរង់ចាំធ្វើការបណ្តេញចេញ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានប្រគល់លិខិតរបស់ក្រសួងមហាផ្ទៃ ឆ្លើយតបទៅលោក XU GANLU អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ និងជាអគ្គនាយកអន្តោប្រវេសន៍ចិន ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់អគ្គនាយកដ្ឋានជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ដែលក្នុងនោះ លោក ក៏សូមថ្លែងអំណរគុណលោក អនុរដ្ឋមន្រ្តី ចំពោះការផ្តល់នូវជំនួយជាសម្ភារដែលមានតម្លៃស្មើនឹង ១លានយ័ន៕