សន្តិសុខសង្គម

ករណីរំលោភសម្លាប់សិស្សសាលានៅខេត្តកំពង់ចាម តុលាការចោទប្រកាន់ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ

image


កំពង់ចាម៖ ពាក់ព័ន្ធនឹងករណីឃាតកម្ម រំលោភសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកំពុងមានការថ្កោលទោសយ៉ាងខ្លាំងពីមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុកនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ (អាលាន) និងពិនិត្យលើឯកសារភស្តុតាងនានាតាមនីតិវិធីចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់លើជននេះ តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ៦៦៥ អ.យ.ខ/២១ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅចំពោះមុខយុត្តាធិការស៊ើបសួរ ក្រោមបទចោទប្រកាន់ “បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តនៅចំណុចចំការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧:៥៣នាទីល្ងាច។ បទល្មើសនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។

តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើ តំណាងអយ្យការក៏បានស្នើឱ្យចៅក្រមស៊ើបសួរដាក់ ឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីកិច្ចស៊ើបអង្កេតនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ដោយបំពេញត្រឹមត្រូវតាមនីតិវិធី ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៦ និងសំណុំរឿងត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី។

ក្នុងសំណុំរឿងនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន បំពេញបន្ថែមដោយបន្តស្តាប់យកចម្លើយពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាស៊ាន ដោយមានវត្តមានរបស់មេធាវី និងភ្នាក់ងារសង្គមកិច្ច តាមវិធាននីតិវិធីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន៕