សេដ្ឋកិច្ច

រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ វិស័យអចលនវត្ថុនៅកម្ពុជា នឹងងើបឡើងវិញក្នុងកម្រិត ២,៤% ក្នុងឆ្នាំ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងកម្រិតទាបប្រមាណ ២,៤ភាគរយ ក្នុងឆ្នាំ២០២១ និង ៤,៨ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុ ដែលមានតម្លៃទាប និងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។


នេះបើតាមការលើកឡើងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar។


លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ និង បន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។


លោកបន្តថា តំបន់ដែលកំពុងមានសក្តានុពលក្នុងការវិនិយោគរួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងតែត្រូវបានអនុវត្ត។ ចំណែកក្នុងខេត្តព្រះសីហនុ កំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង, នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត, នៅក្រុងប៉ាវិត ខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ ជាដើម។


រាជរដ្ឋាភិបាលកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ២,៤ភាគរយ នៅឆ្នាំ ២០២១ និង ៤,៨% នៅឆ្នាំ ២០២២ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសាកល៕