សង្គម

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ប្រាប់ម្ចាស់អាជីវកម្មខារ៉ាអូខេ ឱ្យប្រតិបត្តិស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី ខណៈត្រៀមបើកដំណើរការឡើងវិញឆាប់ៗនេះ

image

កំពង់ស្ពឺ៖ ប្រធានស្តីទីមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានជំរុញឱ្យម្ចាស់ហាងផឹកស៊ី ខារ៉ាអូខេ ដែលកំពុងបើកអាជីវកម្មនៅក្នុងខេត្តទាំងអស់ ត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី ដើម្បីសុវត្ថិភាព និងធានាការមិនចម្លងជំងឺកូវីដ-១៩ នៅក្នុងរង្វង់អាជីវកម្មរបស់ខ្លួន។ ការលើកឡើងដូចនេះ បានធ្វើឡើងនៅក្នុងពិធីជួបជុំម្ចាស់អាជីវកម្មខារ៉ាអូខេ ភោជនីយ៍ដ្ឋាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។


លោក រស់ សុខ បានលើកឡើងថា ការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ ផ្តោតលើចំណុចសំខាន់ៗចំនួន៦ ក្នុងនោះគោលការណ៍ណែនាំសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក រៀបចំបរិវេណទីតាំង រៀបចំបន្ទប់ខារ៉ាអូខេ រៀបចំផ្ទះបាយ និងបុគ្គលិកផ្នែកចម្អិន និងរៀបចំយន្តការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ការនេះដើម្បីបញ្ជាក់ពីសុវត្ថិភាពភ្ញៀវ ហើយម្ចាស់អាជីវកម្មត្រូវសុំឱ្យភ្ញៀវបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE ត្រូវពាក់ម៉ាស វាស់កម្តៅ បាញ់អាល់កុល ឬដើរឆ្លងកាត់ទូរសម្លាប់មេរោគស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត មុនអនុញ្ញាតចូលច្រៀងកម្សាន្ត ភ្ញៀវត្រូវធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។ ចំពោះមីក្រូហ្វូនមិនត្រូវប្រើប្រាស់រួមគ្នា ឬផ្លាស់ប្តូរពេលកំពុងច្រៀង ត្រូវសម្អាតមុន និងក្រោយភ្ញៀងច្រៀងចប់។

ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំឱ្យមានច្រកសុវត្ថិភាពធំទូលាយ និងមានភ្លើងបំភ្លឺផងដែរ ហើយរាល់ការចាប់ផ្តើមចាក់បទចម្រៀងឱ្យភ្ញៀងច្រៀង ត្រូវចាក់ឃ្លឹបខ្លីៗស្តីពី វិធានការការពារជំងឺកូវីដ-១៩ និងបង្ហាញដល់ភ្ញៀវនូវច្រកសុវត្ថិភាព។


ទន្ទឹមនឹងនោះដែរ ចំពោះបុគ្គលិកបម្រើការក្នុងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តសប្បាយនានា ក៏ត្រូវតែចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់គ្នាៗ និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនេះ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ រាល់ពេលចូលបម្រើភ្ញៀវត្រូវពាក់ម៉ាស ឬរបាំងមុខ និងត្រួតពិនិត្យកម្តៅជាប្រចាំ។ បើគិតថាមានភាពមិនប្រក្រតីណាមួយកើតឡើងចំពោះបុគ្គលិក មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបន្ទប់ភ្ញៀវជាដាច់ខាត ហើយរាល់បន្ទប់ទទួលភ្ញៀវឱ្យចូលទៅច្រៀងត្រូវកំណត់ចំនួនភ្ញៀវឱ្យបានច្បាស់លាស់ ឱ្យស្របទៅនឹងទំហំនៃបន្ទប់នីមួយៗ។


លោក រស់ សុខ ក៏បានធ្វើការណែនាំផងដែរ ចំពោះម្ចាស់អាជីវកម្មទាំងអស់ ត្រូវរៀបចំឱ្យមានទូរសម្លាប់មេរោគស្វ័យប្រវត្តិ និងមានតុសន្តិសុខសម្រាប់វាស់កម្តៅនៅខាងមុខ ដើម្បីបាញ់ ឬវាស់កម្តៅមុនចូល និងចេញពីរង្វង់អាជីវកម្មរបស់ខ្លួនផងដែរ។ ចំពោះម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់មន្ទីរ នឹងត្រូវរងការពិន័យ ឬបញ្ចប់អាជ្ញាប័ណ្ណមិនឱ្យបន្តទៀតទេ៕



អត្ថបទ៖ ប៊ុត សារុន