សង្គម

សមិទ្ធផលថ្មីៗនៅក្នុងក្រុងនៃខេត្តព្រះសីហនុនឹងដាក់សម្ពោធ ឲ្យដំណើរការជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ

image

អត្ថបទ៖ ប៉ៃ សុឃីម


ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថាក្រោមម្លប់សន្តិភាពធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះខេត្តព្រះសីហនុ ក៏កំពុងមានការអភិវឌ្ឍរីកចម្រើន ដោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានសួនច្បារ បំពាក់អំពូលភ្លើង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ធ្វើឲ្យក្រុងព្រះសីហនុកាន់តែមានសម្រស់ស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក៏ដូចជាអ្នកវិនិយោគទន់មកបណ្ដាក់ទុនកាន់តែច្រើនឡើង។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដូចនេះក្នុងឱកាស ដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យមើលទីតាំង ទីលាន សម្ដេចតេជោ និង ការស្ថាបនាផ្លូវ ក៏ដូចជាសួនច្បាររង្វង់មូលតោពីរ កាលពីព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២១ ដើម្បីពន្លឿនឲ្យបានរួចរាល់នឹងដាក់សម្ពោធសមិទ្ធផលថ្មីៗនៅក្នុងក្រុង នៃខេត្តព្រះសីហនុព្រមគ្នា ដែលនឹងសម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។


នៅក្នុងឱកាសនេះលោកអភិបាលខេត្តក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាអនាម័យបរិស្ថាន និងសូមកុំយក ចិញ្ចើមផ្លូវចំណីផ្លូវ ចតយានយន្តនិង ប្រកបអាជីវកម្មផ្សេងៗ ដែលធ្វើឲ្យបាត់នូវសោភណភាពរបស់ក្រុងទន្ទឹមនឹងរដ្ឋបាលខេត្តរដ្ឋបាលក្រុងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកែលម្អឲ្យមានសោភណភាព ក្រុងរបស់យើង បានល្អស្អាត ក្នុងការទាក់ទាញ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕